សៀមរាប ៖ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ អ្នកជំនាញមជ្ឍមណ្ឌលកងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដា កន្លងមក។
ទីតាំងរកប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ស្ថិតនៅប៉ែកខាងជើងក្បែររបងវិទ្យាល័យ១០មករា១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានយកទៅរក្សាទុក នៅទីបញ្ជាការកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។
គ្រាប់បែកទាំងនេះសុទ្ធតែមានសុពលភាពផ្ទុះ និងមានហានិភ័យខ្ពស់នេះបើតាមការបញ្ជាក់របស់លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ ។
លោក អ៊ាន សុធា បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែកក្កដានេះថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នេះផលិតនៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះទង្គិច ឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ទៅដី។
លោក បានបន្ដថា គ្រាប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប ក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០ ។
លោក បានបន្ដថា ការជីករកនេះ គឺក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ក្នុងពេលដែលក្រុមការងារកំពុងជីកដីកប់ប្រព័ន្ធខ្សែកាប្លិ៍ក្រោមដីបានជួបប្រទះគ្រាប់បែកទាំងនេះ កាលពីថ្ងៃទី១០ខែកក្កដាថ្មីៗកន្លងមកនេះ ពិតជាសំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវាអាចនឹងផ្ទុះភ្លាម។
លោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ បើប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹង ឬរាយការណ៍ទៅអាជ្ញាធរដែនដី ឫសមត្ថកិច្ចដែលនៅក្បែរលំនៅឋានបងប្អូន ឫក៏រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់ក៏បានដែរ៕
អត្ថបទ ៖ ឈិត សាវី


