នគរបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៦នាក់មកពីប្រទេសស្រីលង្កា រួមទាំងម្តាយម្នាក់ និងកូនតូចៗ៤ នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី អូតាវ៉ា (Ottawa) ប្រទេសកាណាដា កាលពីល្ងាចថ្ងៃពុធ ដោយបានធ្វើឱ្យកក្រើកប្រទេសមួយនេះជាទីដែលមានឃាតកម្មធំបំផុតដ៏កម្រ។

លោកនាយករដ្ឋមន្ត្រី ចាស្ទីនទ្រូដូ (Justin Trudeau) បាននិយាយថា លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលលោកហៅថា “សោកនាដកម្មដ៏គួរឱ្យភ័យខ្លាច”។ ឪពុករបស់ក្រុមគ្រួសារនោះ ក៏ត្រូវរបួសក្នុងការវាយប្រហារនោះដែរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នគរបាលបាននិយាយថា ជនល្មើស ឈ្មោះ ហ្វេប្រ៊ីយ៉ូ ឌី ហ្សយសា (Febrio De-Zoysa)ជានិស្សិតប្រុសវ័យ១៩ឆ្នាំ មកពីប្រទេសស្រីលង្កាត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតចំនួន ៦ ករណី និងមួយករណីពីបទប៉ុនប៉ងមនុស្សឃាត។សមត្ថកិច្ចបាននិយាយថា ជនសង្ស័យ បានស្គាល់គ្រួសារនេះ ហើយបានរស់នៅក្នុងផ្ទះជាមួយគ្នាទៀត។

ជនរងគ្រោះដែលបានស្លាប់ជាម្ដាយមានវ័យ៣៥ឆ្នាំ និងកូនអាយុ៧ឆ្នាំ ម្នាក់ ៤ឆ្នាំ ម្នាក់ ២ខែម្នាក់ និងបុរសអាយុ៤០ឆ្នាំ ជាអ្នកស្គាល់គ្នាក្នុងគ្រួសារនោះ។ស្នងការនគរបាលក្រុងអូតាវ៉ា លោក អ៊ីរីក ស្តាប់ស៍ (Eric Stubbs)បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា នេះគឺជាអំពើហិង្សាគ្មានន័យ ដែលប្រព្រឹត្តលើមនុស្សស្លូតត្រង់។ នគរបាលបាននិយាយថា ពួកគេមិនមានទំនាក់ទំនងជាមួយជនសង្ស័យ ឬក្រុមគ្រួសារកន្លងមកទេ។ អភិបាលក្រុង Ottawa លោក ម៉ាក ស៊ូឃ្លីហ្វ (Mark Sutcliffe) នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា នេះគឺជា "ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុតបំផុតមួយក្នុងចំណោមអំពើហិង្សាជាច្រើនក្នុងប្រវត្តិសាស្ត្រទីក្រុងរបស់យើង។ នគរបាលត្រូវបានហៅទៅកាន់ផ្ទះកើតហេតុ ក្នុងតំបន់បាហាវេន (Barrhaven) មុនម៉ោង១១យប់ ថ្ងៃពុធ។ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗក្រោយកើតហេតុ ហើយនគរបាលបាននិយាយថាពុំមានការគំរាមកំហែងណាមួយលើសុវត្ថុភាពសាធារណៈទេ។គួរឲ្យដឹងថា ទីក្រុងអូតាវ៉ា ដែលមានប្រជាជនមួយលាននាក់រស់នៅបានមើលឃើញឃាតកម្ម១៤ករណីក្នុងឆ្នាំ២០២៣និង៥ករណីក្នុងឆ្នាំ២០២២៕