កងកម្លាំងជាស្ត្រីធ្វើការកំចាត់មីន និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៃអង្គភាពស៊ីម៉ាក់ជាច្រើនរូបសុទ្ធតែបង្ហាញពីឆន្ទៈមោះមុត និងភាពក្លាហានហ៊ានពុះពារគ្រប់ឧបសគ្គ ក្នុងសមរភូមិចំការមីន ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់ស្ត្រីដទៃទៀត បន្តចូលរួមបំពេញការងារក្នុងវិស័យបោសសម្អាតមីននេះដើម្បីធ្វើឲ្យប្រទេសកម្ពុជាអស់មីន និងលែងមានជនរងគ្រោះដោយសារមីនតទៅទៀត។

យុទ្ធនារី សៀ ផានិត ដែលជាអ្នកបង្វឹកសត្វសុនខនៅវិទ្យាស្ថានកម្ចាត់មីនខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា បើទោះបីជាការងារក្នុងវិស័យមីននេះជួបបញ្ហាប្រឈម និងគ្រោះថ្នាក់ ឬលំបាកយ៉ាងណា ក៏ខ្លួនពេញចិត្ត ពីព្រោះជាការងារដើម្បីសុខសុវត្ថិភាព និងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

មិនខុសគ្នានោះយុទ្ធនារី សៅ រដ្ឋា បានជំរុញ និងលើកទឹកចិត្តដល់ស្ត្រីៗដទៃទៀត ត្រូវចាប់យកនូវការងារណាដែលខ្លួនស្រឡាញ់ ហើយកុំគិតថាការងារមួយចំនួន ដូចជាការងារក្នុងវិស័យមីននេះ គឺសម្រាប់តែបុរសៗឲ្យសោះ។
ស្របពេលដែលពិភពអបអរសាទរទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» តំណាងឲ្យស្ត្រីនៃអង្គភាពស៊ីម៉ាក់ទាំងអស់ បានប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ចឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនឱ្យអស់ពីកម្ពុជា។

សូមជម្រាបជូនថា ស្ត្រីកំពុងបម្រើការងារនៅក្នុងអង្គភាពស៊ីម៉ាក់បច្ចុប្បន្នមានចំនួន ៣៤០ ដែលសុទ្ធតែមានជំនាញ និងកំពុងតែសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមាននៅក្នុងផ្ទៃដី និងផ្ទៃក្រោមបាតទឹកស្ទឹងបឹងទន្លេ ធ្វើយ៉ាងណាដើម្បីសុខសុវត្ថិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ៕ អត្ថបទ៖ ភារម្យ



