លោកប្រធានាធិបតី Joe Biden បានវាយប្រហារអតីតប្រធានាធិបតីលោក Donald Trump សម្រាប់ឥរិយាបទចំពោះប្រទេសរុស្ស៊ី ដោយពុំបានខ្វល់ខ្វាយអំពីការរាតត្បាតជំងឺ COVID-19 និងសកម្មភាព លុកលុយរបស់លោកនៅក្នុងវិមាន Capitol កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ក្នុងសុន្ទរកថាប្រចាំឆ្នាំដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ ២០២៤នេះ ។

ថ្លែងនៅមុនសម័យប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភា លោក Biden បានចាប់ផ្ដើមសុន្ទរកថារបស់លោកដោយការរិះគន់ចំៗលើលោក Trump ចំពោះការអត្ថាធិប្បាយដែលថានឹងបើកដៃឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឈ្លានពានប្រទេសជាស ម្ព័ន្ធមិត្តណាតូផ្សេងទៀត ប្រសិនបើពួកគេមិនបង់លុយឲ្យថ្លៃការពារជាតិឲ្យបានគ្រប់ចំនួន។

លោក Biden បាននិយាយដោយដកស្រង់សម្ដីលោក Trump ថា ឥឡូវនេះ អ្នកកាន់តំណែងមុនរបស់ខ្ញុំ ដែលជាអតីតប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ប្រាប់លោក Putin ថា ចង់ធ្វើអីក៏ធ្វើតាមចិត្តចុះ។ខ្ញុំគិតថានេះជារឿងហួសចិត្ត គ្រោះថ្នាក់ ហើយមិនអាចទទួលយកបានឡើយ។
លោក Biden ដែលបាននិងកំពុងជំរុញសភាឲ្យផ្តល់ថវិកាបន្ថែមដល់អ៊ុយក្រែនសម្រាប់សង្រ្គាមជាមួយរុស្ស៊ីនោះ ក៏មានសារមួយផងដែរផ្ដាំទៅលោក Putin ថា យើងនឹងមិនដើរចោលអ៊ុយក្រែនឡើយ។
លោកប្រធានាធិបតីរូបនេះ មានគំនិតផ្ទុយគ្នាជាមួយលោក Trump ដែលជាគូប្រជែងរបស់លោកមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា២០២៤ អំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិរំលូតកូន និងសេដ្ឋកិច្ច អំឡុងពេលសុន្ទរកថាដែលគណបក្សប្រជាធិបតេយ្យមើលឃើញថាជាឱកាសមាសសម្រាប់លោក Biden ប្រមូលប្រជាប្រិយភាពសម្រាប់អាណត្តិទីពីរនៅចំពោះមុខជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងទស្សនាតាមកញ្ចក់ទូរទស្សន៍៕