អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់ យល់ព្រមបញ្ឈប់អរិភាព ក្នុងអំឡុងពេលខែតមអាហាររបស់ពលរដ្ឋមូស្លីមនៃខែបុណ្យរ៉ាម៉ាដាន។

លោក Guterres បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ រូប ថា «ការបញ្ឈប់អរិភាពនេះ ត្រូវតែនាំទៅដល់ភាពស្ងប់ស្ងាត់ច្បាស់លាស់នៃសំឡេងកាំភ្លើងនៅទូទាំងប្រទេស ហើយកំណត់មធ្យោបាយដ៏រឹងមាំឆ្ពោះទៅរកសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនស៊ូដង់។ បច្ចុប្បន្ននេះ មានហានិភ័យយ៉ាងខ្លាំង ដែលជម្លោះអាចបញ្ឆេះអស្ថិរភាពក្នុងតំបន់ ចាប់ពីតំបន់ Sahel រហូតដល់ ញកអាហ្វ្រិក និងនៅសមុទ្រក្រហម។
ក្រុមប្រឹក្សាសន្តិសុខកំពុងចរចារ លើសេចក្តីសម្រេចពង្រៀងដោយចក្រភពអង់គ្លេស អំពាវនាវឱ្យមានបទឈប់បាញ់នៅខែបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះ ក្នុងសង្រ្គាមរយៈពេលជិតមួយឆ្នាំ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា។

ឯកអគ្គរដ្ឋទូតរងរបស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោក James Kariuki បាននិយាយថា ពួកគេសង្ឃឹមថានឹងដាក់សេចក្តីព្រាងឯកសារនេះ ទៅការដល់បោះឆ្នោតមួយនៅថ្ងៃសុក្រនេះ។ សេចក្តីសម្រេច ត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួនសំឡេង ហើយគ្មានវេតូ ដោយសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស ចិន ឬប្រទេសបារាំង ដែលនឹងត្រូវបានអនុម័ត។
សហរដ្ឋអាមេរិកនិយាយថា ភាគីសង្រ្គាមបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយ កងកម្លាំងគាំទ្ររហ័ស និងកងជីវពលសម្ព័ន្ធមិត្ត ក៏បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបោសសម្អាតជនជាតិភាគតិចផងដែរ។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជិត ២៥ លាននាក់ ជាចំនួនប្រជាជនពាក់កណ្តាលរបស់ប្រទេសស៊ូដង់ត្រូវការជំនួយ ហើយប្រហែល៨លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយភាពអត់ឃ្លានកំពុងកើនឡើង។
លោក Guterres បាននិយាយថា ភាពអត់ឃ្លានកំពុងញាំញីប្រទេសស៊ូដង់ ហើយប្រជាជនប្រហែល ១៨ លាននាក់ មានអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ នេះគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរដូវប្រមូលផល ប៉ុន្តែចំនួនត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងនេះនៅក្នុងប៉ុន្មានខែខាងមុខ។