បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការចូលរួមរបស់ស្ត្រី ក្នុងកិច្ចការងារសង្គម ពិតជាមានសារសំខាន់ណាស់ បើគ្មានការចូលរួមពីស្រ្តីទេ ពិតណាស់យើងក៏មិនអាចទទួលបានជោគជ័យឡើយ។

នេះបើតាមប្រសាន៍លើកឡើងរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លើកឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ុំ រាត្រី បន្តថា ភាពជាអ្នកដឹកនាំរបស់ស្រ្តី បានសបញ្ជាក់ឱ្យឃើញថា ស្រ្តីពិតជាមានសមត្ថភាពដូចបុរស មានសិទ្ធស្មេីរគ្នា ក្នុងការចូលរួមដឹកនាំប្រទេសជាតិ ស្ត្រីគឺជាកម្លាំងចលករតែមិនអាចខ្វះបាន ដែលបានចូលរួមគ្រប់សកម្មភាពកិច្ចការងារសង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ការប្រើប្រាស់ឌីជីថល និងការអប់រំចំណេះដឹង និងជំនាញ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (SAEAM) ដែលជាវិស័យមានប្រជាប្រិយភាព ក្នុងសម័យឌីជីថល៕ អត្ថបទ រឿង ចន្ទ្រា






