ឧត្តរមានជ័យ ៖ ដោយមានការចង្អុលបង្ហាញសម្របសម្រួលពីឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយន៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនប្រចាំទិស៩០៥ នគរបាលព្រំដែន៧០២ ដើម្បីចុះធ្វើការសំអាតអនាម័យទីតាំងលានដំឡូងទុកចោលមួយកន្លែង សំរាប់ត្រៀមដាក់ពលករឆ្លងដែនមកពីស្រុកថៃ សម្រាកព្យាបាលធ្វើចត្តាឡីស័ក។
ទីតាំងស្ថិតនៅចំណុចភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណះដែលមណ្ឌលធ្វើចត្តាឡីស័កផ្សេងៗទៀត ក្នុងខេត្តបានពេញអស់ហើយ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយន៍ទោ ហួត សុធី បានឲ្យដឹងថា ដើម្បីការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមជូនដល់ប្រជាពលរដ្ឋឲ្យមានភាពកក់ក្តៅនោះ ពិសេសពលករឆ្លងមកពីប្រទេសថៃ ដោយស្ថានភាពបច្ចុប្បន្ននេះ កំពុងតែមានកំណើនកើនឡើងខ្ពស់ជាបន្តបន្ទាប់ជារាងរាល់ថ្ងៃក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅតាមមណ្ឌល អគារសិក្សានានាទាំងអស់ត្រូវបានដាក់ឲ្យពលករសម្រាកពេញអស់គ្រប់កន្លែងទាំងកន្លែងព្យាបាលនឹងកន្លែងធ្វើចត្តាឡីស័ក។
លោក បានបន្ដថា ដោយមើលឃើញពីបញ្ហាលំបាក ចំពោះទីតាំងស្នាក់នៅរបស់ពលករ ក៏ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងដូច្នេះ ទើបឯកឧត្តមអភិបាលខេត្ត សម្រេចជ្រើសរើសយកទីតាំងមួយកន្លែងបន្ថែមទៀត ដែលជាទីតាំងលានដំឡូងមួយកន្លែងមានទីធ្លាធំទំលាយប្រកបដោយផាសុខភាពមានប្រព័ន្ធទឹកភ្លើងមានសុវត្ថិភាពល្អ ចំពោះការស្នាក់នៅរបស់ពលករផងដែរ។
ពិសេសទីតាំងនោះ ជិតនឹងច្រកព្រំដែនចេញចូលស្រាប់ងាយស្រួលក្នុងមធ្យោបាយធ្វើការដឹកជញ្ជូនពលករមកធ្វើចត្តាឡីស័ក ដោយសុវត្ថិភាពចំពោះពលករឆ្លងដែនមកពីប្រទេសថៃ៕
អត្ថបទ ៖ ឃិន សារិទ្ធ



