ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៧ មីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី ការងារពិសោធន៍បង្ហាញតាមវិធីសាស្រ្តកសិអេកូឡូស៊ី និងតាមវិធីសាស្រ្តប្រើប្រាស់ជីគីមីលើដំណាំស្រូវនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅទីស្តីការក្រសួង។

បន្ទាប់ពីបានទទួលស្តាប់នូវបទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារពិសោធន៍ត្រូវគិតគូរពីវិធីសាស្ត្រដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច និងទទួលបានផលចំនេញពិតប្រាកដ។ លើសពីនេះទៅទៀត ឯកឧត្តម បានជំរុញឱ្យក្រុមការងារ ត្រូវប្រឹងប្រែងបន្ថែមទៀត ដោយតាមដានពីការចំនាយទាំងអស់ ក្នុងដំណើរការពិសោធន៍ និងតាមដានការងារពិសោធន៍ពីមួយឆ្នាំ ទៅមួយឆ្នាំ ឱ្យមានលទ្ធផលល្អ និងមានប្រសិទ្ធិភាព។

សូមជម្រាបជូនថា ការងារពិសោធន៍នេះ ធ្វើឡើងក្នុងគោលបំណងប្រៀបធៀបរយៈពេលខ្លី អំពីប្រសិទ្ធិភាពលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គមនៃការអនុវត្តផលិតកម្មកសិកម្មតាមវិធីសាស្ត្រកសិអេកូឡូស៊ី (Agroecology) ការប្រើប្រាស់ជីគីមី (Conventional Tillage) និងការប្រើប្រាស់ជីស្រស់ (Green Manure) ដោយផ្តោតលើពូជស្រូវ ២ប្រភេទ គឺ ពូជស្រូវចំប៉ីស៧០ និងពូជស្រូវផ្ការំដួល៕ អត្ថបទ៖ ឈិត បូរ៉ាវី







