ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ប្រទេស ដណ្តើមបានមកវិញ ផ្នែកខាងត្បូងទីក្រុង Robotyne ជាទីតាំងលំនៅឋាន ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ពីការអះអាងនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីសមាជិកនៃចលនាគាំទ្រវិមានក្រឹមឡាំងនៅក្នុងតំបន់។

ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីខែសីហា ឆ្នាំមុនថា ខ្លួនបានដណ្តើមមកវិញទីតាំងលំនៅឋាន ជាផ្នែកមួយនៃការវាយលុករបស់ខ្លួនលើកងកម្លាំងរុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (Think Tank) របស់សហរដ្ឋអាមេរិក បាននិយាយថា វីដេអូភូមិសាស្ត្រ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ «បង្ហាញថាកងកម្លាំងរុស្ស៊ីនាពេលថ្មីៗនេះ បានរុលចូលទៅដល់ភាគខាងកើតទីក្រុង Robotyne។

កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារដោយមីស៊ីលក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ ស្ត្រីម្នាក់ត្រូវបានសម្លាប់ខណៈមីស៊ីលមួយគ្រាប់បានបាញ់លើលំនៅឋានរបស់នាង នៅតំបន់ភាគខាងកើតទីក្រុង Kharkiv។ សាលារៀន មន្ទីពេទ្យ និងសម្ភារៈបរិក្ខារផ្សេងទៀត បានរងការខូចខាតនៅតំបន់ភាគឦសាននៃខេត្ត Sumy ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ក្រសួងបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី Lynne Tracy កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្រមានលោកស្រីថា ទីក្រុងមូស្គូនឹង «ដាក់គំនាបយ៉ាងតឹងរ៉ឹង និងដាច់ខាត» ចំពោះការប៉ុនប៉ងចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
ក្រសួងនិយាយថា ក្រសួងអាចនឹងបណ្ដេញបុគ្គលិកស្ថានទូតអាមេរិកណាមួយដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពបែបនេះ ហើយការប៉ុនប៉ងជ្រៀតជ្រែករួមមាន «យុទ្ធនាការក្នុងការរារាំង និងព័ត៌មានមិនពិត នៅក្នុងបរិបទនៃការបោះឆ្នោត និងប្រតិបត្តិការយោធាពិសេស។
ប្រទេសរុស្ស៊ី មានផែនការរៀបចំការបោះឆ្នោតប្រធានាធិបតី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ហើយចាត់ទុកការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនថាជា «ប្រតិបត្តិការសឹកពិសេស»។