អាថ៌កំបាំងនៅតែមានដដែលអំពីអ្វីដែលបានកើតឡើងចំពោះជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysian Airlines) ដែលបានបាត់ដានរកមិនឃើញ ពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិន ដោយមានអ្នកដំណើរ និងអាកាសយានិកជាង ២៣០នាក់ នៅលើយន្តហោះនោះ កាលពី ១០ឆ្នាំមុន។

ករណីនេះនៅតែជាអាថ៌កំបាំងមួយក្នុងចំណោមអាថ៌កំបាំងអាកាសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយរបស់ពិភពលោក។ បណ្ដាមន្ត្រីអូស្ត្រាលីមានជំនឿថា យន្តហោះ Boeing 777 បានធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយបានស្វែងរកក្នុងផ្ទៃទឹកជាង ១២០.០០០គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនទទួលបានផលអ្វីឡើយ។

យន្តហោះនេះបានបាត់ដាន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ ហើយរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ទើបមានបំណែកកម្ទេចកម្ទីបានចាប់ផ្តើមអណ្ដែតនៅលើកោះ Réunion របស់ប្រទេសបារាំង ក្នុងមហាសមុទ្រឥណ្ឌា ហើយក្រោយមកទៀត គឺនៅប្រទេសតង់ហ្សានី។ តែបំណែកតួខ្លួនមិនធ្លាប់ត្រូវបានរកឃើញសោះឡើយ។
អ្នកជំនាញផ្នែកសន្តិសុខសមុទ្រ ដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការបច្ចុប្បន្នរបស់កងទ័ពជើងទឹកអូស្ត្រាលី លោកស្រី Jennifer Parker បានត្រួតពិនិត្យការស្វែងរកកាលពី ១ទសវត្សរ៍មុន។ នៅថ្ងៃសុក្រ (ទី៨ ខែមីនា) លោកស្រី Parker បានប្រាប់ថា ដោយសារតែតំបន់ដ៏ធំល្វឹងល្វើយ និងដោយសារអាកាសធាតុនាពេលនោះ វាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេដែលពួកគេមិនអាចរកឃើញទីកន្លែងកម្ទេចកម្ទីរបស់យន្តហោះបាត់ខ្លួននោះ។
លោកស្រី Parker បានពិពណ៌នាអំពីបញ្ហាប្រឈមនានានៃការស្វែងរកដែលមាននាវាជាង ១៩គ្រឿង មកពីប្រទេសចំនួន៥ បានចូលរួម ក្នុងនោះរួមមានទាំងអាកាសធាតុ ភាពមើលឃើញច្បាស់ និងការមិនដឹងថា តើចរន្តទឹកអាចរុញច្រានបំណែកយន្តហោះទៅទីណា។ ការស្វែងរកបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នៅចន្លោះឆ្នាំ២០១៤ និង២០១៧ ការស្វែងរកក្រោមទឹកត្រូវបានធ្វើឡើង មុនពេលដែលក្រុមហ៊ុន Ocean Infinity ព្យាយាមស្វែងរកនៅឆ្នាំ២០១៨៕