ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ប៉ែន កុសល្យ បានដាក់បទបញ្ជាដល់កងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងគ្រប់រូបភាព ពិសេសការលេងល្បែងស៊ីសងឆ្នោតតាមប្រព័ន្ធអនឡាញ ត្រូវបង្រ្កាបឲ្យមានប្រសិទ្ធភាព ប្រសិនបើក្នុងដែនសមត្ថកិច្ចណាមួយហ៊ានលបលួចបើកឲ្យមានករណីលេងល្បែងស៊ីសងនោះ និងត្រូវទទួលខុសត្រូវចំពោះច្បាប់។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាឯកភាពខេត្ត ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាថ្ងៃទី៨មីនាឆ្នាំ២០២៤នេះ។
ឯកឧត្តមប្រធានគណៈបញ្ជាការខេត្ត បានធ្វើការណែនាំជំរុញដល់អាជ្ញាធរ និងមេឃុំ មេភូមិ នៅតាមបណ្តាលក្រុងស្រុកទាំងប្រាំរបស់ខេត្ត ត្រូវអនុវត្តធ្វើការពន្លឿនការដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លី ដែលមាននៅសេសសល់ទាំងប៉ុន្មាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវធ្វើការដោះស្រាយឲ្យលឿន និងឆាប់បំផុតទៅតាមអ្វីដែលអាចធ្វើបានដើម្បីសម្រួលដល់ការធ្វើប្លង់ជូនប្រជាពលរដ្ឋប្រកបដោយកម្លាភាព និងមានភាពជឿជាក់ ដើម្បីពលរដ្ឋបានអាស្រ័យផលលើដីរបស់គាត់បានស្របច្បាប់ផងដែរ។
ឯកឧត្តម ប៉ែន កុសល្យ បានសង្កាត់ធ្ងន់ថា ដោយឡែកចំពោះបញ្ហា នៅតាមបណ្តាលច្រកព្រំដែនកម្ពុជា ថៃ នានាក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ កងកម្លាំងជំនាញស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធ្វើការពង្រឹងការងារភារកិច្ចតួរនាទីស្នូលរបស់ខ្លួនឲ្យមានប្រសិទ្ធភាពក្នុងការក្តាប់ឲ្យបានរាល់សភាពការណ៍ព័ត៌មានផ្សេងៗ និងត្រូវចេះសាមគ្គីភាពគ្នាផ្ទៃក្នុងតែមួយក្នុងការរួមសហការគ្នាដើម្បីបម្រើផលប្រយោជន៍រួម ជូនដល់ប្រជាពលរដ្ឋក្នុងសង្គមឲ្យទទួលភាពកក់ក្តៅផងដែរ៕









