ក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាបានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់អ្នកដែលរងផលប៉ះពាល់ដោយសង្រ្គាមនៅកំពុងបន្ត។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរួមទទួលបន្ទុកគ្រោះមហន្តរាយមនុស្សធម៌របស់ប្រទេសស៊ូដង់ បានបើកកិច្ចប្រជុំ នៅទីក្រុង Port Sudan ជារដ្ឋធានី នៃរដ្ឋសមុទ្រក្រហមភាគខាងកើត។
សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចប្រជុំ ត្រូវបានពិភាក្សាអំពីការអនុវត្តន៍សេចក្តីសម្រេច ទាក់ទងនឹងការបើកច្រកព្រំដែនភាគខាងលិចជាមួយប្រទេសឆាដ ប្រទេសស៊ូដង់ខាងត្បូង ឆ្លងកាត់ទីក្រុង Kosti និងច្រកព្រំដែន Ashkit និង Arqin នៅភាគខាងជើងប្រទេសស៊ូដង់។ លើសពីនេះ កិច្ចប្រជុំបានបញ្ជាក់លើតម្រូវការដើម្បីធានាបានថា ជំនួយដែលចូលមកប្រទេសស៊ូដង់ មិនរាប់បញ្ចូលនូវអ្វីដែលប៉ះពាល់ដល់សន្តិសុខជាតិប្រទេសស៊ូដង់នោះទេ។

រដ្ឋាភិបាលស៊ូដង់បាននិយាយថា ខ្លួនបានអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលតាមច្រកឆ្លងកាត់ព្រំដែនថ្មី រួមទាំងច្រកមួយជាមួយប្រទេសឆាដ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល ២៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ដោយមនុស្សជិត ១៨ លាននាក់ប្រឈមមុខអសន្តិសុខស្បៀងធ្ងន់ធ្ងរ។