ស៊ុយអែត បានចូលរួមជាមួយអង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ពីរឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្ខំឲ្យខ្លួនគិតឡើងវិញនូវគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន ហើយសន្និដ្ឋានថា ការគាំទ្រសម្រាប់សម្ព័ន្ធភាព គឺជាការធានាសុវត្ថិភាពដ៏ល្អបំផុតរបស់ប្រទេសនៅតំបន់ស្កែនឌីវ៉ានៀ។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រគល់ឯកសារចុងក្រោយដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដែលជាជំហានចុងក្រោយក្នុងដំណើរការរយៈពេលយូរ ដើម្បីទទួលបានការគាំទ្រពីសមាជិកទាំងអស់ ដើម្បីចូលរួមសម្ព័ន្ធភាពយោធានេះ។

លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយ ខណៈដែលលោកបានទទួលឯកសារចូលជាសមាជិករបស់ស៊ុយអែតពីលោក Kristersson ថា៖ «រឿងល្អៗ បានមកដល់អ្នកដែលរង់ចាំហើយ»។
លោកប្ល៊ីនខិន បានថ្លែងថា៖«អ្វីគ្រប់យ៉ាង បានផ្លាស់ប្តូរ» បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលើកឡើងពីការស្ទង់មតិបង្ហាញពីការផ្លាស់ប្តូរដ៏ធំនៅក្នុងមតិសាធារណៈស៊ុយអែតលើការចូលរួមក្នុងអង្គការណាតូ។
«ប្រទេសស៊ុយអែត បានដឹងអ្វីមួយយ៉ាងស៊ីជម្រៅ: ប្រសិនបើលោកពូទីន មានឆន្ទៈព្យាយាមលុបបំបាត់ប្រទេសជិតខាងមួយចេញពីផែនទី នោះលោកប្រហែលជាមិនឈប់នៅទីនោះទេ»។
សម្រាប់អង្គការណាតូ ការចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ ដែលចែកព្រំដែន ១.៣៤០គីឡូម៉ែត្រ (៨៣០ម៉ាយ) ជាមួយរុស្ស៊ី គឺជាការបន្ថែមដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ វាក៏ជាការវាយប្រហារមួយផងដែរសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្យាយាមរារាំងការពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត។