ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹតមួយដើម្បីបញ្ចប់កាតព្វកិច្ចទាហានកែណ្ឌ នៃសេវាយោធាជាមូលដ្ឋាន។ យោងតាមក្រឹត ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបានឲ្យដឹងថា ទាហានកែណ្ឌ ដែលអាណត្តិត្រូវបានបន្ត ដោយសារតែច្បាប់អាជ្ញាសឹក នឹងត្រូវផ្ទេរទៅកាន់អង្គភាពទាហានបម្រុងរបស់ប្រទេស ក្នុងខែមេសា និងឧសភា ។

លោក Zelensky បាននិយាយនៅលើបណ្តាញ Telegram ថា តាមសំណើរបស់ទីបញ្ជាការយោធាបានឲ្យដឹងថា ត្រូវការរយៈពេលពីរបីសប្តាហ៍សម្រាប់នីតិវិធីរៀបចំ ការជំនួសអ្នកទាក់ទងទៅនឹងភារកិច្ចការពារជាតិ ហើយចាប់ពីខែមេសា ទាហាននឹងត្រូវបញ្ជូនទៅកាន់អង្គភាពបម្រុង។ លោកបាននិយាយថា ទាហានកែណ្ឌមួយចំនួន បានចុះកិច្ចសន្យាបម្រើក្នុងកងកម្លាំងការពារជាតិរួចហើយ។

នៅក្រោមច្បាប់បច្ចុប្បន្ន បុរសជនជាតិអ៊ុយក្រែនដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំ ដែលត្រូវបានកែណ្ឌឱ្យចូលបម្រើកងទ័ពជាកាតព្វកិច្ច មិនបានចូលរួមក្នុងជម្លោះជាមួយរុស្ស៊ីនោះទេ។
នៅខែនេះ សភាប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់ស្តីពីការកែណ្ឌកងទ័ពថ្មី។
សភាប្រទេសអ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានជម្លោះជាមួយរុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ហើយបានបន្តច្បាប់នេះជាច្រើនដង ចាប់តាំងពីពេលនោះមក។