NOCC៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញលិខិតព្រមានលើកដំបូង ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះបញ្ហាដដែលៗដែលកើតចេញពីការវិនិច្ឆ័យមិនបានត្រឹមត្រូវរបស់អាជ្ញាកណ្ដាល-ចៅក្រម រហូតមានការប្រតិកម្មពីមហាជន និងថ្នាក់ដឹកនាំជាញឹកញាប់ ធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃកីឡា ពិសេសគុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិនេះ។
ការព្រមាននេះ ក្រោយមានប្រតិកម្មខ្លាំងៗទៅនឹងការកាត់សេចក្ដី របស់អាជ្ញាកណ្ដាល-ចៅក្រមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើសង្វៀនមួយកាលពីថ្មីៗ រហូតមានការប្រតិកម្មពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកកម្ពុជា ដោយសម្ដេចបានស្នើឲ្យអាជ្ញាកណ្ដាលកីឡាប្រដាល់ត្រូវមានយុត្តិធម៌ក្នុងខ្លួន ហើយត្រូវហ៊ានកាត់សេចក្ដីភ្លាមៗនៅពេលមានការប្រកួតខុសលក្ខន្ដិកៈ ដើម្បីជំរុញវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន។
ជុំវិញរឿងដ៏រសើបនេះ NOCC បានសម្រេចធ្វើការព្រមានលើកដំបូង ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្តិ ដោយដាក់ពិន័យយ៉ាងម៉ឹងម៉ាត់ ដល់អាជ្ញាកណ្ដាល-ចៅក្រមឲ្យគោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ Fair-Play និងគោរពក្រមសីលធម៌កីឡាដោយមិនអាចរំលោភបាន។ ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត NOCC នឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាព ដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមការប្រកួតជាអន្តរជាតិ និងរៀបចំការប្រកួតជាអន្តរជាតិផ្លូវការបាន ហើយក៏មិនអាចចូលរួមការប្រកួតកីឡាស៊ីហ្គេម រួមទាំងស៊ីហ្គេមនៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា
