កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រជាពលរដ្ឋប៉ាគីស្ថាន បានសម្រុកដើរផ្សារដើម្បីទិញអីវ៉ាន់សម្រាប់ខែពិធីបុណ្យរ៉ាម៉ាដាន ស្របពេលកើតមានវិបត្តិអតិផរណា បន្ទាប់ពីការបោះឆ្នោតជម្លោះដែលបណ្តាលឲ្យមានរដ្ឋាភិបាលចម្រុះ ។
លោក Mohammad Faisal ដែលជាអ្នកទិញទំនិញមួយរូបនៅផ្សារផលិតផលលក់ដុំ ស្ថិតក្នុងទីក្រុងធំបំផុត Karachi របស់ប៉ាគីស្ថាន និយាយថា បើធៀបនឹងកាលពីឆ្នាំមុន តម្លៃទំនិញឡើងថ្លៃខ្លាំងជាងមុនក្នុងឆ្នាំនេះ ។

លោកបន្តថា បច្ចុប្បន្នរដ្ឋាភិបាលថ្មី បានឡើងកាន់អំណាច ។ ចាំមើលថាតើពួកគេនឹងធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយអតិផរណា ។ ពួកគេគួរតែធ្វើអ្វីមួយពីវា ។ ប្រជាពលរដ្ឋគ្រាន់តែចង់បានការធូរស្រាលប៉ុណ្ណោះ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ សភាទើបបង្កើតថ្មីរបស់ប៉ាគីស្ថាន បានបោះឆ្នោតជ្រើសតាំងលោក Shehbaz Sharif ជានាយករដ្ឋមន្រ្តីជាលើកទី ២ រយៈពេល ៣សប្តាហ៍ក្រោយការបោះឆ្នោតសកលពុំច្បាស់លាស់ បណ្តាលមកពីការពន្យាពេលបង្កើតរដ្ឋាភិបាលចម្រុះ ។
ប៉ាគីស្ថាន បន្តជាប់គាំងក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែអតិផរណានៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ប្រហែល ៣០ភាគរយ ហើយកំណើនសេដ្ឋកិច្ចមានការយឺតយ៉ាវខ្លាំងប្រហែល ២ភាគរយប៉ុណ្ណោះ ។ កាលពីខែកុម្ភៈ អតិផរណាធ្លាក់ចុះតិចតួចមកនៅកម្រិត ២៣,១ភាគរយ ពីរយៈពេល ១ឆ្នាំមុន មួយផ្នែកដោយសារតែអតិផរណាបន្តស្ថិតក្នុងកម្រិតខ្ពស់ ។
លោក Asad Ali ដែលជាអ្នកដើរទិញអីវ៉ាន់ម្នាក់ទៀត និយាយថា វិក្កយបត្រអគ្គិសនី វិក្កយបត្រហ្គាស និងវិក្កយបត្រទឹក បានកើនឡើងខ្លាំង ។ ពេលដែលមនុស្សម្នាក់មិនអាចទូទាត់វិក្កយបត្រទាំងអស់នេះ តើឲ្យគាត់ត្រូវចំណាយលើទំនិញប្រើប្រាស់ប្រចាំថ្ងៃដោយរបៀបណាកើត?
ដោយឡែក លោក Sajid Hameed គឺជាម្ចាស់ហាងមួយរូប និយាយថា ពលរដ្ឋបន្ទោសលោកថាហេតុអ្វីបានជាទំនិញថ្លៃម៉្លេះ ពួកគេមិនយល់ទេ ថាគាត់លក់ថ្លែបែបនេះ ក៏ដោយសារតែទំនិញដែលគាត់ទិញបន្ត បានឡើងថ្លៃរួចទៅហើយ ៕