
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនពីទីក្រុង San Francisco សហរដ្ឋអាមេរិក ត្រូវបានបង្ខំប្ដូរទិសដៅ នៅពេលដែលកង់មួយបានធ្លាក់ពីយន្តហោះភ្លាមៗបន្ទាប់ពីហោះឡើង ហើយកង់នោះបានទៅបុករថយន្តនៅក្នុងចំណតរថយន្ត។
យន្តហោះ Boeing 777-200 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Osaka ជាមួយនឹងមនុស្សចំនួន ២៤៩នាក់ បានប្ដូរទិសដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Los Angeles វិញ បន្ទាប់ពីមានឧបទ្ទវហេតុនេះ។ យ៉ាងណាក្ដី យន្តហោះនេះបានចុះចតដោយមិនមានការរាយការណ៍ពីអ្នកមានរបួសនោះឡើយ។
វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X ដោយក្រុមហ៊ុនតាមដានជើងហោះហើរ RadarBox បានចាប់យករូបភាពនៅពេលដែលកង់យន្តហោះនោះធ្លាក់ និងរូបភាពវីដេអូនៃរថយន្តដែលហាក់ដូចជារងការខូចខាតដោយសារកង់នោះ។
បន្ទាប់ពីមានហេតុការណ៍នោះ ក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ឲ្យដឹងថា យន្តហោះជំនួសនឹងដឹកអ្នកដំណើរទៅកាន់ទីក្រុង Osaka ហើយថា ក្រុមហ៊ុនអាកាសចរណ៍នឹងធ្វើការជាមួយម្ចាស់យានយន្តដែលរងការខូចខាតនោះ ដើម្បី «ធានាថា តម្រូវការរបស់ពួកគេត្រូវបានដោះស្រាយ»៕