
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជនប៉ាឡេស្ទីនរស់នៅទីក្រុង Rafah តំបន់ហ្កាហ្សាស្រ្ទីប បានធ្វើពិធីបញ្ចុះសាកសពទ្រង់ទ្រាយធំ សម្រាប់មនុស្សគ្មានអត្តសញ្ញាណ ដែលបានស្លាប់ពីការវាយប្រហារ និងការវាយលុករបស់អ៊ីស្រាអែល នៅដែនដីបិទច្រកមួយនេះ ។
លោក Ayman Abu Hatab គឺជាបុគ្គលិកមួយរូបនៅទីបញ្ចុះសពរបស់មន្ទីរពេទ្យ Abu Yousef al-Najjar និយាយថា ទុក្ករបុគ្គលប្រហែល ៤៩នាក់ ត្រូវបាននាំមកពីភាគីអ៊ីស្រាអែល ពួកគេនាំយកសាកសពឲ្យពួកយើង ទុក្ករបុគ្គលទាំងនេះ មានតែលេខប៉ុណ្ណោះ យើងមិនដឹងថាពួកគេជានរណានោះទេ ។
ក្រុមមន្រ្តីសុខភាពនៅតំបន់ហ្កាហ្សា បានបញ្ជាក់កាលពីថ្ងៃពុធថា បច្ចុប្បន្នចំនួនមនុស្សស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣០.៧០០នាក់ ។ ពួកគេបានរាយការណ៍ករណីមនុស្សស្លាប់ចំនួន ៨៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ហើយក្រុមសាក្សី និយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតែបន្តក្នុងទីក្រុង Khan Younis និងតំបន់ភាគកណ្តាលហ្កាហ្សា ។
សហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃពុធថា កិច្ចពិភាក្សាលើបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា នៅអាចឈានដល់កិច្ចព្រមព្រៀងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។
ក្រុមអ្នកចរចាមកពីក្រុមជីវពលហាម៉ាស់ កាតា និងអេហ្ស៊ីប ប៉ុន្តែមិនមែនអ៊ីស្រាអែល កំពុងព្យាយាមឲ្យមានបទឈប់បាញ់រយៈពេល ៤០ថ្ងៃ អំឡុងពេលខែតមអាហាររ៉ាម៉ាដាន ដែលនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះ ៕