បាល់ទាត់៖ ក្រុមបាល់ទាត់អង្គរថាយហ្គឺរបានបន្ថែម ៣ពិន្ទុទៀតហើយ ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជាដោយលទ្ធផល ៣-១ ក្នុងជំនួបសប្ដាហ៍ទី៧ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។ ជ័យជម្នះនេះបានធ្វើឲ្យពួកគេបង្កើនគម្លាតពិន្ទុកាន់តែច្រើន ពីគូប្រជែងរហូតដល់ ៧ពិន្ទុឯណោះ។

ជំនួបនៅកីឡដ្ឋាន SRU ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ ម្ចាស់ផ្ទះអង្គរថាយហ្គឺរបានស៊ុតបំប៉ោងសំណាញ់ទីក្រុមអគ្គិសនីកម្ពុជា ៣គ្រាប់មុននៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ឈង់ ប៊ុនណាត នៅនាទីទី១០, កីឡាករ Da Cruz នៅនាទី៣០ និងកីឡាករ Ata Inia នៅនាទី៣៤។ ប៉ុន្ដែចូលវគ្គទី២ ក្រុមកំពូលតារាងនេះមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ ផ្ទុយទៅវិញត្រូវបានក្រុមប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធ អគ្គិសនីកម្ពុជាវាយបកបាន ១គ្រាប់វិញនៅនាទី៨៣ ដោយកីឡាករ ចិន វណ្ណៈ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង។
តែយ៉ាងណាលទ្ធផលនេះ បានធ្វើឲ្យក្រុមកំពុងឡើយជើងអង្គរថាយហ្គឺរ បន្ដកំណត់ត្រាមិនស្គាល់ចាញ់ និងពង្រឹងកៅអីកំពូលតារាងរបស់ខ្លួន បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ ៦ និងស្មើ ១ រកបាន ១៩ពិន្ទុដាច់ឆ្ងាយពីគូប្រជែងរួមមានវិសាខា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងបឹងកេតជាដើមដែលទើបរកបាន ១២ពិន្ទុ។ ប៉ុន្ដែភ្នំពេញក្រោនទើបប្រកួតបាន ៤ប្រកួតប៉ុណ្ណោះ ខណៈព្រះខ័នរាជស្វាយរៀង និងវិសាខាប្រកួតបាន ៦ប្រកួត និងក្រុមបឹងកេតប្រកួតបាន ៧ប្រកួតដូចអង្គករថាយហ្គឺរដែរ៕
អត្ថបទ លី ឈុនឡា