
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ទីក្រុងអូតាវ៉ា មិនបានសម្រេចចិត្តថាតើខ្លួន នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិទេ បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
កាលពីដើមសប្តាហ៍នេះ សាជីវកម្មផ្សព្វផ្សាយកាណាដា និងសារព័ត៌មាន AP បានដកស្រង់ប្រភពរដ្ឋាភិ បាលដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា កាណាដា នឹងលុបចោលការសម្រេចចិត្ត នៅថ្ងៃទី២៦ ខែមករារបស់ខ្លួនក្នុងការផ្អាកការផ្តល់មូលនិធិបន្ថែមណាមួយដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)។
ប៉ុន្តែនៅពេលគេសួរដោយផ្ទាល់អំពីករណីនេះ លោកទ្រូដូ បាននិយាយថា ទីក្រុងអូតាវ៉ា កំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិចំពោះការចោទប្រកាន់របស់អ៊ីស្រាអែលថាបុគ្គលិក UNRWA ចំនួន១២នាក់ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដែលមនុស្សប្រហែល ១.២០០ នាក់ បានស្លាប់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូរ៉ុនតូថា៖«យើងមិនធ្វើការប្រកាសណាមួយ នៅថ្ងៃនេះទេ... យើងនឹងបន្តពិនិត្យមើលស្ថានភាពនេះ។
លោកទ្រូដូ បានថ្លែងថា វិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា គឺជាការធ្វើឲ្យមនុស្សគ្រប់គ្នាខូចចិត្ត។ យើងដឹងថា វាមានសារៈសំខាន់ប៉ុនណាក្នុងការទទួលបានជំនួយទៅកាន់ តំបន់ហ្កាហ្សា ដោយបញ្ជាក់ថា ប្រជាជននៅក្នុងក្រុមប្រឈមនឹងការស្រេកឃ្លាន។ មន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា បាននិយាយថា មនុស្សជិត ៣១.០០០ នាក់ បានស្លាប់ នៅក្នុងការវាយលុករបស់អ៊ីស្រា អែល។