
នៅថ្ងៃសុក្រនេះ កងទ័ពអាកាសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធា ក្រោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញរូបថតសន្លឹករបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កំពុងដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំកាលពីរយៈពេល ១ថ្ងៃមុន ។
យោធាកូរ៉េខាងត្បូង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំង KF-16 និង FA-50 របស់កូរ៉េខាងត្បូង បានចូលរួមសមយុទ្ធបាញ់គ្រាប់ពិត ពាក់ព័ន្ធនឹងមីស៊ីលបាញ់ចេញពីលើអាកាសសំដៅលើអាកាស AIM-9 និងគ្រាប់បែកតម្រង់គោលដៅ KGGB ដែលមានន័យចង់វាយប្រហារគោលដៅបាញ់កាំភ្លើងធំ និងមីស៊ីលតម្រង់គោលដៅរបស់កូរ៉េខាងជើង ។
យោធាបន្តទៀតថា ជាមួយនឹងសមយុទ្ធយោធារួមគ្នា Freedom Shield របស់សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង កងទ័ពអាកាសកូរ៉េខាងត្បូង បានបង្ហាញក្បួនយន្តហោះយោធាផងដែរ ដែលជាយន្តហោះចម្បាំង ៣៣គ្រឿងរបស់កូរ៉េខាងត្បូង នៅលើមូលដ្ឋានទ័ពអាកាស ស្ថិតក្នុងទីក្រុង Suwon ។
សូមបញ្ជាក់ថា សមយុទ្ធរបស់កូរ៉េខាងជើង បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីអង្គភាពបាញ់រយៈចម្ងាយដល់រដ្ឋធានីសត្រូវ ដែលចង់សំដៅលើរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ៕