
មន្ត្រីការពារជាតិម្នាក់ បាននិយាយថា ក្រុមសន្តិសុខកងម៉ារីនពិសេសមួយក្រុម បានដាក់ពង្រាយទៅកាន់ប្រទេសហៃទី ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅទីនោះ។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែខ្លួនមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាអំពីបញ្ហារសើបជាសាធារណៈ បានបញ្ជាក់ថា ការដាក់ពង្រាយក្រុមសន្តិសុខប្រឆាំងភេរវកម្មទៅកាន់ប្រទេសហៃទី ដែលស្ថិតក្នុងពាក់កណ្តាលនៃការតស៊ូអំណាចរវាងក្រុមជនអន្ធពាល និងនាយករដ្ឋមន្ត្រី បានកើតឡើងនៅសប្តាហ៍នេះ។
កងម៉ារីននេះ ត្រូវបានដាក់ពង្រាយតាមសំណើរបស់ក្រសួងការបរទេស នេះបើយោងតាមមន្ត្រីការពារជាតិ។ សារព័ត៌មាន Marine Corps Times បានស្នើសុំក្រសួងការបរទេសនូវព័ត៌មានលម្អិតបន្ថែម កាលពីថ្ងៃព្រហស្បតិ៍ ហើយមិនបានទទួលការឆ្លើយតប ក្នុងរយៈពេលពីរបីម៉ោងនោះទេ។
នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry កំពុងតស៊ូដើម្បីបន្តកាន់អំណាច ខណៈដែលលោកព្យាយាម ត្រឡប់ទៅផ្ទះវិញ ជាកន្លែងដែលការវាយប្រហារដោយក្រុមជនអន្ធពាល បានបិទអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសរបស់ខ្លួន និងបានដោះលែងអ្នកទោសជាង ៤.000 នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
លោក Henry នៅតែស្ថិតក្នុងតំបន់ Puerto Rico គិតត្រឹមពាក់កណ្តាលថ្ងៃពុធ។ លោកបានចុះចតនៅក្នុងទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យចុះចតនៅសាធារណរដ្ឋ ដូមីនីកែនជិតខាង ដែលក្រុមមន្ត្រី បានបិទដែនអាកាសសម្រាប់ជើងហោះហើរទៅ និងមកពីប្រទេសហៃទី។