
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការចូលរួមរបស់ស្រ្តីពិតជាមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែង វិស័យកសិកម្មមានការចូលរួមពីស្ត្រីប្រមាណ ២៤% ស្មើនឹង ១,៤៤០នាក់ ហើយក្រសួងនឹងជំរុញឱ្យមានការចូលរួមបន្ថែម ដោយវាយតម្លៃផ្អែកលើគុណាធិបតេយ្យ សមត្ថភាព លទ្ធភាព និងសក្ដានុពលរបស់ស្ដ្រី។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការសាទរចំពោះការប្រារព្ធពិធីដ៏មានអត្ថន័យនេះ ក្រោមប្រធានបទ «ស្ដ្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងសម័យបរិវត្តកម្មឌីជីថលនេះ ស្ដ្រីនិងក្មេងស្រីជំនាន់ក្រោយចាំបាច់ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងប្រើប្រាស់ឱ្យបានល្អ និងសមស្របតាមកាលៈទេសៈ ដើម្បីជាប្រយោជន៍ និងតាមទាន់ការវិវត្តនៃសម័យកាលសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម ឱ្យមានការគិតគូរបន្ថែមទៀតការងារស្ត្រី ដោយត្រូវពង្រឹងបន្ថែមទៀត និងត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាព បើកឱកាស និងផ្តល់អាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព លទ្ធភាពពេលវេលា និងចង់ធ្វើការពិតប្រាកដ មានការទទួលខុសត្រូវ ត្រូវបានលើកទឹកចិត្ត និងចូលរួមកម្លាំងជាមួយបុរស ដើម្បីភាពរីកចម្រើន។
សូមជម្រាបជូនថា ការប្រារព្ធទិវាអន្តរជាតិនាទី ៨មីនានេះ មានអ្នកចូលរួមចំនួន ៨០០នាក់ ដោយក្នុងនោះម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ និងអំណោយមួយចំនួន៕ អត្ថបទ៖ ឈិត បូរ៉ាវី






