
ទាហានមកពីប្រទេសនានា ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងប្រទេសថៃផងដែរ បានបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតនៅក្នុងតំបន់ ដោយការចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ។
រាប់ចាប់ពីការវាយប្រហារដោយកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង រហូតដល់ប្រតិបត្តិការផ្លូវគោក ទាហានចូលរួម ១៣៧នាក់មកពីប្រទេសថៃ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានមានចំណែកនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា (CALFEX) នៅថ្ងៃសុក្រនេះ ដែលបង្ហាញពីអាវុធយុទ្ធភណ្ឌផ្សេងៗ ក្នុងនោះរួមទាំងយន្តហោះចម្បាំង F-16 និងរថពាសដែក BTR កង់៨ របស់កងកម្លាំងប្រដាប់អាវុធថៃផងដែរ។
ដោយមានឈ្មោះថា សមយុទ្ធប្រចាំឆ្នាំ «Cobra Gold» នេះគឺជាសមយុទ្ធដ៏ធំមួយក្នុងចំណោមសមយុទ្ធយោធាពហុភាគីដែលដំណើរការយូរជាងគេបំផុតរបស់ពិភពលោក និងធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍។ សមយុទ្ធនេះបម្រើជាវេទិកាគន្លឹះដ៏សំខាន់ ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោនពង្រឹងសម្ព័ន្ធភាព នៅក្នុងតំបន់អាស៊ី ក្នុងពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗជាមួយប្រទេសចិន៕