
នៅឯសន្និសីទសារព័ត៌មានដែលតែងធ្វើជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ បាននិយាយថា ប្រទេសចិនជឿជាក់ថា សមកម្មភាពរបស់ឥណ្ឌា ក្នុងការបន្ថែមកងទ័ព នៅព្រំដែនដែលមានជម្លោះជាមួយគ្នា គឺ «មិនអំណោយផលដល់ការបន្ធូរបន្ថយភាពតានតឹង» នោះឡើយ។
បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានបន្ថែមក្រុមទាហានចំនួន ១០.០០០នាក់ ដែលពីមុនត្រូវបានដាក់ពង្រាយនៅព្រំដែនភាគខាងលិចរបស់ខ្លួន ដើម្បីយកទៅពង្រឹងព្រំដែនដែលមានជម្លោះជាមួយប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning (ម៉ៅ នីង) បាននិយាយថា៖ «យើងជឿជាក់ថា ការសម្រេចបែបនេះរបស់ភាគីឥណ្ឌា មិនអំណោយផលដល់សន្តិភាព និងភាពស្ងប់ស្ងាត់ ហើយមិនស្របតាមការឯកភាពគ្នាដែលភាគីទាំង២ សម្រេចបាន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែននោះឡើយ»។
គួរបញ្ជាក់ថា ប្រទេសទាំង២ ធ្លាប់បានព្រមព្រៀងគ្នាក្នុងការបន្តរក្សាការសន្ទនាតាមរយៈផ្លូវយោធា និងការទូត៕