
រយៈពេល ១០ឆ្នាំបន្ទាប់ពីការបាត់ដានសូន្យឈឹងនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រុមគ្រួសារនៃអ្នកដំណើរជនជាតិចិន នៅលើយន្តហោះនោះ នាថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ បាននាំគ្នាតវ៉ា នៅច្រកចូលរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងប៉េកាំង។
ដោយត្រូវបាននគរបាលរារាំងមិនឲ្យចូលទៅក្នុងស្ថានទូត ទាំងអ្នកមានសម្លៀកបំពាក់ឯកសណ្ឋាន និងសាមញ្ញធម្មតា អ្នកតវ៉ាទាំងនោះទាមទារឲ្យការស្វែងរកយន្តហោះបាត់ដាននោះចាប់ផ្ដើមឡើងវិញ។ អ្នកចូលរួមម្នាក់ឈ្មោះលោក Li Shuce ដែលជាឪពុករបស់អ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរនៅលើយន្តហោះនោះ បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅក្រសួងការបរទេសចិនថា លោកគិតថា កូនប្រុសរបស់លោកមិនទាន់ស្លាប់នៅឡើយទេ។
លោក Li បាននិយាយថា៖ «ប្រសិនបើគេនៅរស់ យើងត្រូវទៅបានជួបគេដោយផ្ទាល់ ប្រសិនបើគេស្លាប់ យើងត្រូវឃើញសាកសពរបស់គេ តើមានអ្វីកើតឡើងចំពោះយន្តហោះនោះ? តើយន្តហោះបាត់ទៅណា?»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា) បាននិយាយថា ប្រទេសម៉ាឡេស៊ី មានឆន្ទៈក្នុងការបើកការស៊ើបអង្កេតឡើងវិញលើការបាត់ខ្លួនរបស់យន្តហោះសំណាងអាក្រក់នោះ ប្រសិនបើភស្តុតាងថ្មីគួរឲ្យចាប់អារម្មណ៍លេចឡើងមក»។
ជោគវាសនានៃជើងហោះហើរ MH370 បានក្លាយជាអាថ៌កំបាំងអាកាសចរណ៍ដ៏គួរឲ្យងឿងឆ្ងល់បំផុតរបស់ពិភពលោក នៅពេលដែលយន្តហោះនោះបានបាត់ដានមិនអាចទាក់ទងបាន ពេលធ្វើដំណើរពីទីក្រុងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានមនុស្សចំនួន ២៣៩នាក់នៅលើយន្តហោះនោះ។ ប្រហែល ២ភាគ៣នៃអ្នកនៅលើយន្តហោះ គឺមកពីប្រទេសចិន៕