
នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ បានជំរុញឲ្យសភាអនុម័តច្បាប់ស្តីពីការអប់រំ ដែលអនុញ្ញាតឲ្យសាកលវិទ្យាល័យឯកជនបរទេសបង្កើតសាខារបស់ខ្លួន នៅក្នុងប្រទេស ដោយលោកលើកឡើងថា នេះជាកំណែទម្រង់ដែលត្រូវការជាចាំបាច់ ដើម្បីទប់ស្កាត់និស្សិតក្រិកកុំឲ្យចាកចេញទៅសិក្សានៅក្រៅប្រទេស។
គួររំលឹកដែរថា និស្សិត គ្រូបង្រៀន និងបុគ្គលិកសាកលវិទ្យាល័យបានតវ៉ាម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រឆាំងនឹងកំណែទម្រង់ដែលបានគ្រោងទុក ដោយនិយាយថា វានឹងធ្វើឲ្យបាត់តម្លៃសញ្ញាបត្រពីសាកលវិទ្យាល័យរដ្ឋ និងកាត់បន្ថយការផ្តល់មូលនិធិរបស់រដ្ឋ សម្រាប់ការអប់រំសាធារណៈ។
លោក Mitsotakis ដែលបានឈ្នះអាណត្តិទី២ កាលពីខែមិថុនាឆ្នាំមុន បានប្រាប់សភាថា កំណែទម្រង់នេះនឹងជួយរារាំងនិស្សិតក្រិករាប់ម៉ឺននាក់កុំឲ្យទៅសិក្សានៅសាកលវិទ្យាល័យបរទេស ដែលការចាកចេញនេះបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះផងដែរ ហើយស្របពេលសេដ្ឋកិច្ចរបស់ប្រទេសទើបងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុរយៈពេល ១ទសវត្សរ៍ និស្សិត និងគ្រួសាររបស់ពួកគេចំណាយប្រាក់នៅបរទេស ជាជាងនៅប្រទេសខ្លួនឯង។
ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាក្ដី ក៏សេចក្ដីស្នើច្បាប់នេះទំនងជានឹងទទួលបានការអនុម័ត ដោយសាររដ្ឋាភិបាលអភិរក្សនិយមក្ដោបក្ដាប់សមាជិកសភាចំនួន ១៥០នាក់ នៅក្នុងសភាដែលមាន ៣០០អាសនៈ៕