គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យធំតំបន់ហ្សា បាននិយាយកាលពីថ្ងៃសុក្រថា ការទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាស នៅភាគខាងជើងនៃដែនដីប៉ាឡេស្ទីន បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង១០នាក់រងរបួស។
គិលានុបដ្ឋាយិកានៅបន្ទប់សង្គ្រោះបន្ទាន់ លោក Mohammed al-Sheikh បានប្រាប់សារព័ត៌មាន AFP ថា អ្នកស្លាប់និងអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Shifa ទីក្រុងហ្កាហ្សា ។ លោក Sheikh បាននិយាយថា ការទម្លាក់ជំនួយបណ្តាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅភាគខាងជើងជំរំជនភៀសខ្លួន តំបន់ឆ្នេរ Al-Shati ។

សាក្សីម្នាក់មកពីជំរំបាននិយាយ ថាលោកនិងបងប្រុស បានទៅតាមជំនួយដែលទម្លាក់តាមឆ័ត្រយោងដោយសង្ឃឹមថានឹងទទួលបាន ថង់ម្សៅ។ បន្ទាប់មក ភ្លាមៗនោះ ឆ័ត្រយោងមិនរលាស់បើក ហើយបានធ្លាក់ចុះមកដូចគ្រាប់រ៉ុក្កែត នៅលើដំបូលផ្ទះមួយ។ ដប់នាទីក្រោយមក ខ្ញុំបានឃើញមនុស្សជាច្រើននាក់បានរងរបួស ដែលកំពុងស្ថិតនៅលើដំបូលផ្ទះជាកន្លែងកញ្ចប់ជំនួយបានធ្លាក់ចុះ។
សហរដ្ឋអាមេរិក និងប្រទេសហ្ស៊កដានី ស្ថិតក្នុងចំណោមប្រទេសដែលបានអនុវត្តការទម្លាក់ជំនួយពីយន្តហោះនៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សរាប់សែននាក់កំពុងប្រឈមមុខទៅនឹងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមជាងប្រាំខែ។ ដោយនិយាយសំដៅទៅលើអ្នកស្លាប់ទាំងប្រាំនាក់កាលពីថ្ងៃសុក្រ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល នៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការទម្លាក់ជំនួយតាមអាកាសគឺ «ឥតប្រយោជន៍» ហើយ «ពុំមែនជាមធ្យោបាយល្អ សម្រាប់បំណងផ្តល់ជំនួយចូលមកនោះទេ» ។ អង្គការសហប្រជាជាតិបាននិយាយថា ការទម្លាក់ជំនួយពីយន្តហោះ ឬតាមច្រករបៀងជំនួយតាមសមុទ្រ ដែលបានស្នើឡើង មិនអាចជំនួសបានសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោកនោះទេ ដោយជំរុញឱ្យរថយន្តដឹកទំនិញកាន់តែច្រើន ត្រូវបានអនុញ្ញាតឱ្យចូលទៅដល់តំបន់ហ្កាហ្សា តាមរយៈច្រកព្រំដែនបន្ថែមទៀត៕
