ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនៅក្នុងប្រទេសស៊ូដង់ ដោយធ្វើឲ្យប្រទេសចិនរំលឹកដល់ក្រុមប្រឹក្សា កុំឱ្យភ្លេចពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ប្រទេសរុស្ស៊ី បានអនុប្បវាទ ខណៈសមាជិកក្រុមប្រឹក្សាចំនួន ១៤រូប ដែលនៅសល់ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចពង្រាងដោយចក្រភពអង់គ្លេស ដែលបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពក្នុងអំឡុងពេលខែតមអាហាររបស់ពលរដ្ឋមូស្លីមនៃ ខែបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះ។ សង្គ្រាមបានផ្ទុះឡើងនៅប្រទេសស៊ូដង់ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។

អង្គការសហប្រជាជាតិនិយាយថា មនុស្សជិត ២៥ លាននាក់ ជាចំនួនប្រជាជនពាក់កណ្តាលរបស់ប្រទេសស៊ូដង់ ត្រូវការជំនួយ ហើយប្រហែល ៨ លាននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈភាពអត់ឃ្លានកំពុងកើនឡើង។ ទីក្រុងវ៉ាស៊ីនតោន និយាយថា ភាគីជម្លោះបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ យោងតាមរបាយការណ៍អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សចន្លោះពី ១០.០០០នាក់ ទៅ ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងតែមួយនៃតំបន់ West Darfur របស់ប្រទេសស៊ូដង់កាលពីឆ្នាំមុនក្នុងអំពើហិង្សាជនជាតិភាគតិច ធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស(RSF) និងកងជីវពលសម្ព័ន្ធមិត្តអារ៉ាប់។
លោក Dai Bing អគ្គរដ្ឋទូតរងរបស់អង្គការសហប្រជាជាតិរបស់ប្រទេសចិន បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ខណៈអនុម័តសេចក្តីសម្រេចស្តីពីបទឈប់បាញ់ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដាន ក្នុងប្រទេសស៊ូដង់ ក្រុមប្រឹក្សាសន្តិសុខ មិនត្រូវភ្លេចថាប្រជាជននៅតំបន់ហ្កាហ្សា នៅតែរងទុក្ខវេទនាក្រោមការទម្លាក់គ្រាប់បែក។ «សហគមន៍អន្តរជាតិ ត្រូវតែជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់»។ សហរដ្ឋអាមេរិក ពុំបានឆ្លើយតបនៅក្នុងក្រុមប្រឹក្សា ចំពោះការលើកឡើងរបស់រុស្ស៊ីនិងចិន លើបញ្ហាតំបន់ហ្កាហ្សានោះទេ។ បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងចរចាលើសេចក្តីព្រាងសេចក្តីសម្រេច ដែលគាំទ្រ «បទឈប់បាញ់បន្ទាន់រយៈពេលប្រហែលប្រាំមួយសប្តាហ៍នៅតំបន់ហ្កាហ្សា រួមជាមួយការដោះលែងចំណាប់ថ្នូរទាំងអស់៕
