គុនចម្រុះ៖ អ្នកលេងគុនចម្រុះជើងខ្លាំងកម្ពុជា ចាន់ រតនា បានបើកភ្លើងខៀវស្វាគមន៍ដោយក្ដីរីករាយ ចំពោះការប្រកាសចង់ជួបលើសង្វៀនលំដាប់ពិភពលោក ONE Championship ពីសំណាក់កីឡាករជើងខ្លាំងឥណ្ឌូនេស៊ី Eko Roni Saputra កាលពីពេលថ្មីៗ។

ការឆ្លើយតបរបស់ជើងខ្លាំងគុនខ្មែររូបនេះ បន្ទាប់ពីកីឡាករ Eko Roni Saputra បានប្រកាសចង់ជួប និងសាកថ្វីដៃជាមួយ ចាន់ រតនា ពិសេសចង់សងសឹកឲ្យមិត្តរួមជាតិ ២រូបដែលធ្លាប់បរាជ័យក្រោមថ្វីដៃបុរសវ័យ ៣៥ឆ្នាំរូបនេះកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ គឺកីឡាករ Rudy Agustian និង Abrou Fernandes។ ចាន់ រតនា បានបញ្ជាក់ថា ខ្លួនរីករាយក្នុងការត្រៀមជួប Eko Roni ដ្បិតគេចង់សងសឹកឲ្យមិត្តរួមជាតិ។ ចំពោះសមត្ថភាពរបស់កីឡាករឥណ្ឌូនេស៊ីរូបនេះក៏មិនចាញ់កីឡាករ Rudy Agustian និង Abrou Fernandes ដែលខ្លួនធ្លាប់យកឈ្នះលើសង្វៀន ONE ដែរ ប៉ុន្តែ រតនា រំពឹងថា នឹងធ្វើឲ្យបានល្អបំផុតដើម្បីរក្សាកំណត់ត្រាមិនចាញ់កីឡាករឥណ្ឌូនេស៊ី។ សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន អ្នកលេងគុនចម្រុះឥណ្ឌូនេស៊ី Eko Roni Saputra បានប្រកាសចង់ជួប ចាន់ រតនា ក្នុងគោលបំណងធំបំផុត គឺចង់សងសឹកឲ្យមិត្តរួមជាតិរបស់ខ្លួន ដោយនិយាយត្រង់ៗថា រតនា ធ្លាប់ផ្តួលកីឡាករឥណ្ឌូណេស៊ីច្រើននាក់ហើយ ដូច្នេះកីឡាករកម្ពុជារូបនេះនឹងក្លាយជាដៃគូដ៏លំបាកសម្រាប់ខ្លួន។
ម្យ៉ាង រតនា មានជំនាញវាយឈរល្អ ហេតុនេះខ្លួនពិតជាចង់ជួប ហើយបើបានជួបមែន Eko Roni នឹងលេងក្បាច់ក្រោម ដើម្បីចង់ដឹងថា តើរវាងអ្នកជំនាញវាយឈរប៉ះអ្នកពូកែក្បាច់ក្រោម គួរឲ្យចាប់អារម្មណ៍យ៉ាងណា? បើក្រឡេកមកចាប់អារម្មណ៍ប្រវត្តិលើសង្វៀន ONE រវាងអ្នកទាំងពីរវិញ ចាន់ រតនា ហាក់មានប្រៀបលើ Eko Roni ដ្បិតធ្លាប់ប្រកួតលើសង្វៀនលំដាប់ពិភពលោកនេះ ១០ដង ឈ្នះ ៧ និងចាញ់ ៣ ខណៈ Eko Roni ធ្លាប់ប្រកួតបាន ៥ដង ឈ្នះ ៤ និងចាញ់ម្ដង ក្នុងនោះគេក៏ធ្លាប់យកឈ្នះកីឡាករកម្ពុជា ខុន ស៊ីចាន់ ត្រឹមទឹកទី១ កាលពីដើមឆ្នាំ២០២០ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា