និស្សិតប្រទេសក្រិក បានគប់គ្រាប់បែកសាំងដាក់លើនគរបាល ដែលនគរបាលបានឆ្លើយតបវិញដោយឧស្ម័នបង្ហៀរទឹកភ្នែក នៅកណ្តាលក្រុងអាតែន កាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងមុនពេលសភាត្រូវបានគេរំពឹងថា នឹងអនុម័តច្បាប់ ដែលនឹងអនុញ្ញាតឱ្យសាកលវិទ្យាល័យឯកជនបរទេស បង្កើតសាខានៅក្នុងប្រទេស។
និស្សិតរាប់ពាន់នាក់ បានធ្វើការតវ៉ាទ្រង់ទ្រាយធំដោយសន្តិវិធី រយៈពេលជាច្រើនសប្តាហ៍ប្រឆាំងកំណែទម្រង់ដែលពួកគេនិយាយថា នឹងធ្វើឱ្យធ្លាក់តម្លៃសញ្ញាបត្រពីសាកលវិទ្យាល័យរដ្ឋ ប៉ុន្តែកំហឹងបានផ្ទុះឡើង នៅពេលដែលនាយករដ្ឋមន្ត្រី លោក គីរីយ៉ាកូស មីតសូតាគិស (Kyriakos Mitsotakis) បានជំរុញឱ្យសមាជិកសភាបោះឆ្នោតសេចក្តីស្នើច្បាប់នេះ។

លោក Mitsotakis ដែលបានឈ្នះអាណត្តិទីពីរកាលពីខែមិថុនាឆ្នាំមុន បាននិយាយថា ច្បាប់នេះនឹងជួយផ្លាស់ប្តូរការចាកចេញរបស់និស្សិតប្រទេសក្រិករាប់ម៉ឺននាក់ ទៅកាន់សាកលវិទ្យាល័យនៅបរទេស ខណៈសេដ្ឋកិច្ចនៅបន្តងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុ រយៈពេលមួយទសវត្សរ៍មកនេះ។ លោកបានបន្តថា សេចក្តីស្នើច្បាប់នេះ ក៏នឹងជួយគាំទ្រប្រទេសក្រិកជាមួយសហភាពអឺរ៉ុប និងជំរុញការប្រកួតប្រជែងក្នុងវិស័យអប់រំថ្នាក់ឧត្តមសិក្សា។ សេចក្តីស្នើច្បាប់នេះ ទំនងជាត្រូវបានអនុម័ត ខណៈរដ្ឋាភិបាលអភិរក្សនិយម គ្រប់គ្រងសមាជិកសភាចំនួន ១៥៨ រូប នៅក្នុងសភាដែលមាន ៣០០ អាសនៈ៕
