ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ទី៨ ខែមីនា ថា រុស្ស៊ី នឹងមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពលើកដំបូងនោះទេ ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសស្វីស។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Tayyip Erdogan នៅទីក្រុងអ៊ីស្តង់ប៊ុល លោក Zelenskiy បាននិយាយថា អ្នកតំណាងរុស្ស៊ី អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំលើកក្រោយ បន្ទាប់ពីផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាពនឹងត្រូវបានពិភាក្សា និងការព្រមព្រៀងអាស្រ័យលើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីស។

ភាគីទាំងពីរបាននិយាយថា លោក Erdogan បានទទួលលោក Zelenskiy សម្រាប់កិច្ចពិភាក្សា ស្តីពីដំណើរនៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅដែលត្រូវបានលុបចោល និងការបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។ ប្រធានាធិបតីទួរគី បាននិយាយថា កិច្ចប្រជុំបានចាប់ផ្តើម បន្ទាប់ពីលោក Zelenskiy បានទៅពិនិត្យមើលទីតាំងផលិតនាវាមួយកន្លែង នៅជិតទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិនិត្យការងារនាវាចម្បាំងធុនតូចពីរគ្រឿង ដែលកំពុងត្រូវបានផលិត សម្រាប់កងទ័ពជើងទឹកអ៊ុយក្រែន។ ទួរគីជាសមាជិករបស់សម្ព័ន្ធយោធាណាតូ ហើយបានគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែក៏រក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយរុស្ស៊ី ហើយជារឿយៗ បាននិយាយជាមួយភាគីទាំងពីរក្នុងជម្លោះ ជាពិសេសក្នុងនាមជាអ្នកជួយក្នុងកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅ ដែលបានលុបចោលការរារាំងធ្វើឡើងដោយរុស្ស៊ី ចំពោះការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
ការិយាល័យរបស់ លោក Zelenskiy បាននិយាយថា របៀបវារៈ រួមមានរូបមន្តសន្តិភាព ដែលមានបំណងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិទ្វេភាគី និងការដោះលែងអ្នកទោសសង្គ្រាមអ៊ុយក្រែន ដែលឃុំខ្លួនដោយទីក្រុងមូស្គូ៕
