សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសក្រុមការងារគណបក្សចុះជួយខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ប្រមាណជាង៥០០នាក់ផងដែរ ។
មានប្រសាសន៍នាឱកាសនោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងគណៈកម្មាធិការកណ្តាល មន្ត្រីថ្នាក់ដឹកនាំនៅតាមក្រសួង មន្ទីរ អង្គភាព ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ដែលបានអញ្ជើញមកជួយជុំ ប្រជុំបែកចែកភារៈកិច្ចការងារចុះជួយនៅពេលនេះដោយក្តីនឹករលឹក។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា យោងតាមសេចក្តីសម្រេចលេខ ៨៣៧/១១២៣/សស.គក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ គណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវត្រៀមអនុវត្ត នូវភារកិច្ចមួយចំនួនបន្តទៀត ដើម្បីគណបក្សខេត្តស្វាយរៀង សម្រេចឲ្យបានតាមផែនការកំណត់របស់គណៈអចិន្រ្តៃយ៍គណបក្ស។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរចំពោះគណបក្សខេត្ត រដ្ឋបាលខេត្ត ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានរីកចម្រើនគួរឲ្យកត់សម្គាល់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេស គណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រ និងទទួលបានជោគជ័យក្នុង ការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី ៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់ភូមិភាគ៦ នីតិកាលទី៥៕