មនុស្សជិត ១ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំងនៅវិថីសាយ ភូថង ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីប្រមូលមូលនិធិជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានប្រមូលផ្តុំរត់ប្រណាំងរយៈចម្ងាយ ៨គីឡូម៉ែត្រចាប់ពីភូមិជីត្រេះ ឃុំអណ្តូងទឹកដល់រង្វង់មូលវិថី សាយ ភូថង ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តកោះកុង អាជ្ញាធរសមត្ថកិច្ចស្រុកបូទូមសាគរ និងសហការជាមួយវិស័យឯកជន។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ថា ការរត់ប្រណាំងមានបុរសស្រ្តីនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ផង និងប្រមូលមូលនីធិជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបផង។ លោកជំទាវ មិថុនា ភូថង អះអាងថា ស្រ្តីក្នុងជួរមន្រ្តីរាជការ និងវិស័យឯកជនមានឱកាសច្រើន ហើយក្រៅតែពីមានចំណេះដឹង សមត្ថភាព និងចេះប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវមានសុខភាពល្អ។
ដោយឡែកសម្រាប់តំណាងអ្នកដែលរត់ប្រណាំងជាប់ចំណាត់ថ្នាក់លេខ១ រហូតដល់៥ លើកឡើងថា កម្មវិធីរត់ប្រណាំងនេះ ពិតជារៀបចំមានសណ្តាប់ធ្នាប់សន្តិសុខល្អប្រសើរ។ កីឡារត់ប្រណាំងពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជួយឱ្យសុខភាពល្អ ដូច្នេះពួកគេចង់ឱ្យពលរដ្ឋគ្រប់រូបចូលរួមលេងកីឡាឱ្យបានច្រើន ចៀសវាងទៅប្រព្រឹត្តអំពើអបាយមុខ ឬប្រើប្រាស់គ្រឿងញៀនដែលសង្គមមិនផ្តល់តម្លៃអោយ។
គួរជម្រាបថា នេះជាលើកដំបូងហើយដែលរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់ពលរដ្ឋ ព្រមទាំងអ្នកទេសចរគ្រប់ស្រទាប់វណ្ណៈមកពីគ្រប់តំបន់ចូលរួមយ៉ាងសប្បាយរីករាយ មានសុខភាពល្អ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ផងដែរ៕ អត្ថបទ៖ ឈឹម មករា