ភ្នំពេញ ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការចុះឈ្មោះបោះឆ្នោត ហៅកាត់ថា គជប បានព្រមានភ្នាក់ងារបក្សនយោបាយអង្កេតការណ៍ ដែលសួរព័ត៌មានលម្អិតអត្តសញ្ញាណរបស់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ហួសតួនាទីនោះឡើយ។
ការព្រមានរបស់មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ នៅថ្ងៃទី៩ ខែតុលានេះ។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងរបស់ គជប បានមានប្រសាសន៍ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតរយៈពេលមួយសប្តាហ៍កន្លងទៅនេះ មានពាក្យបណ្តឹងដែលប្តឹងដោយគណបក្សនយោបាយចំនួន ៨ បណ្តឹង ពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចរបស់មន្ត្រីចុះឈ្មោះបោះឆ្នោត ដោយ គជប នឹងធ្វើការពិនិត្យណែនាំ ក៏ដូចជាដោះស្រាយទៅតាមនីតិវិធី នៃការចុះឈ្មោះបោះឆ្នោតជាដើម។
ជាមួយគ្នានេះ ឆ្លើយតបនឹងតំណាងភា្នក់ងារគណបក្សនយោបាយ ដែលរិះគន់ពីការរឹតត្បិតចូលរួមពិនិត្យការចុះឈ្មោះបោះឆ្នោត ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ក្នុងនាមជាភ្នាក់ងារគណបក្សនយោបាយចូលរួមអង្កេតការណ៍ចុះឈ្មោះបោះឆ្នោតមិនមានសិទ្ធិប្រមូលទិន្នន័យលម្អិតពីអត្តសញ្ញាណរបស់ប្រជាពលរដ្ឋឡើយ ដោយសារតែទិន្នន័យទាំងអស់នេះ មានសិទ្ធិគ្រប់គ្រងបានដោយ គជប តែប៉ុណ្ណោះ។ ឯកឧត្តម បានព្រមានដល់ភា្នក់ងារតំណាងគណបក្សនយោបាយទាំងអស់មិនត្រូវអនុវត្តហួសពីតួនាទីឡើយ ដោយសារតែការប្រមូលទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនេះ អាចបង្កជាចារកម្ម និងបាត់នូវសុវត្ថិភាពបុគ្គលគ្រប់ពេលពេលវេលាផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមរយៈពេលមួយសប្តាហ៍ នៃការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសមានប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១០៤,៦៩១ នាក់ ខណៈតាមការប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០របស់ គជប ចំនួនប្រជាពលរដ្ឋគ្រប់អាយុដែលត្រូវចុះឈ្មោះបោះឆ្នោតសរុបនៅទូទាំងប្រទេសមានចំនួនប្រមាណ ៣០ម៉ឺននាក់ ដោយការចុះបោះឆ្នោតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ៕
អត្ថបទ ៖ សេក ឧត្តម

