ព្រឹទ្ធសភាអាមេរិកបានបញ្ចៀសការបិទរដ្ឋាភិបាលផ្នែកខ្លះ កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) ខណៈដែលសភាបានអនុម័តច្បាប់ចំណាយ សម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន ដោយការអនុម័តនេះត្រូវបានធ្វើឡើងនៅប៉ុន្មានម៉ោងមុនពេលការផ្តល់មូលនិធិបច្ចុប្បន្នត្រូវផុតកំណត់។

តាមរយៈការបោះឆ្នោតពីសមាជិកនៃគណបក្សទាំង២ ជាមួយនឹងសំឡេង ៧៥ទល់នឹង២២ ព្រឹទ្ធសភាបានអនុម័តកញ្ចប់ចំណាយ ៤៦៧,៥ពាន់លានដុល្លារដែលនឹងផ្តល់មូលនិធិដល់ផ្នែកកសិកម្ម ការដឹកជញ្ជូន លំនៅឋាន ថាមពល អតីតយុទ្ធជន និងកម្មវិធីផ្សេងទៀត រហូតដល់ចុងបញ្ចប់នៃឆ្នាំសារពើពន្ធ នាថ្ងៃទី៣០ ខែកញ្ញា។ ឥឡូវនេះ ច្បាប់កញ្ចប់ថវិកានេះបញ្ជូនទៅកាន់ប្រធានាធិបតីលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ ដើម្បីចុះហត្ថលេខាឲ្យក្លាយជាច្បាប់ធរមាន។ ការផ្ដល់មូលនិធិសម្រាប់កម្មវិធីទាំងនោះនឹងត្រូវផុតកំណត់ នៅពាក់កណ្តាលអធ្រាត្រ។
ច្បាប់កញ្ចប់ថវិការទទួលបានការអនុម័តយ៉ាងស្រួលៗពីសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងសំឡេងភាគច្រើនដោយសមាជិករបស់គណបក្សសាធារណរដ្ឋ នៅដើមសប្តាហ៍នេះ។ តែនីតិវិធីនៅក្នុងព្រឹទ្ធសភា ត្រូវបានពន្យារពេល ខណៈដែលក្រុមអភិរក្សនិយមមួយចំនួនរបស់គណបក្សសាធារណរដ្ឋ បានជំរុញឲ្យមានការបោះឆ្នោតលើបញ្ហាអន្តោប្រវេសន៍ និងប្រធានបទផ្សេងទៀត តែការប៉ុនប៉ងរបស់ពួកគេទាំងអស់ បានបរាជ័យ។
វិធានការទាំងអស់នេះត្រូវតែទទួលបានការអនុម័តឲ្យក្លាយជាច្បាប់ធរមាន ត្រឹមថ្ងៃទី១ ខែតុលា ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធ២០២៤។ បើទោះបីសភាកម្រនឹងបន្លាយពេលឲ្យដល់កាលកំណត់នោះក្ដី ក៏ការជជែកដេញដោលគ្នា នៅឆ្នាំនេះ មានភាពច្របូកច្របល់ខុសពីធម្មតា។ រហូតមកដល់ពេលនេះសភាត្រូវតែអនុម័តសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្នចំនួន៤ ដើម្បីរក្សាប្រតិបត្តិការរបស់ទីភ្នាក់ងារឲ្យបានយូរដូចកម្រិតឆ្នាំមុន៕
