យោធាសហរដ្ឋអាមេរិក កាលថ្ងៃសុក្រ (ទី ៨ ខែមីនា) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារការពារ ទល់នឹងមីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់ នៅតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅម៉ោងប្រហែល ៣:៥៥នាទីរសៀល ម៉ោងក្នុងស្រុក ក្រុមភេរវករហ៊ួទី បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា ២គ្រាប់ចេញពីយេម៉ែន ចូលទៅក្នុងឈូងសមុទ្រ Aden តម្រង់លើនាវាពាណិជ្ជកម្ម Propel Fortune ដែលមានទង់ជាតិរបស់ប្រទេសសិង្ហបុរីដែលគ្រប់គ្រង និងប្រតិបត្តិការលើនាវានេះ។ ទីបញ្ជាការនេះបានបញ្ជាក់បន្ថែមថា មិនមានការរាយការណ៍ពីអ្នករងរបួស ឬការខូចខាតនោះឡើយ។

ដោយស្រង់សម្ដីពីមន្ត្រីឆ្មាំល្បាតឆ្នេរគាំទ្ររដ្ឋាភិបាល ក្នុងលក្ខខណ្ឌមិនចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា នាវាដឹកទំនិញនេះត្រូវបានកំណត់គោលដៅដោយការបាញ់មីស៊ីល ខណៈដែលកំពុងធ្វើដំណើរបានចម្ងាយប្រហែល ៥០ម៉ាយល៍ក្នុងសមុទ្រ (៩២,៦គីឡូម៉ែត្រ) ម្ដុំសមុទ្រ Aden។ តែយ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមហ៊ួទីមិនទាន់ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។
ការវាយប្រហារនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលស្រដៀងគ្នានេះពីសំណាក់ក្រុមហ៊ួទី កាលពីថ្ងៃទី៦ ខែមីនា សំដៅលើនាវាដឹកទំនិញដែលមានទង់ជាតិប្រទេសបាបាដុស គឺនាវា «True Confidence» ដែលក្រុមនេះអះអាងថា ជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក៕
