ប្រជាជនហៃទីនៅទីក្រុងព័រអូប្រាំង កំពុងជួបប្រទះនឹងផលវិបាកនៃវិបត្តិនយោបាយ និងសង្គម នៅក្នុងប្រទេសរបស់ពួកគេ។
កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) សកម្មជននយោបាយ លោក Myrthil Marcelin ត្រូវបានស្វាគមន៍ដោយក្តីរំភើបពីអ្នកជិតខាងរបស់លោក បន្ទាប់ពីលោកបានរត់ចេញពីពន្ធនាគារ កាលពីថ្ងៃអាទិត្យ (ទី៣ ខែមីនា)។ លោក Marcelin បាននិយាយថា លោកត្រូវបាន «ចាប់ពង្រាត់» ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Ariel Henry ។

នៅក្នុងសាលារៀនមួយ ដែលត្រូវបានប្រែក្លាយទៅជាជម្រកសម្រាប់អ្នកភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេដោយសារអំពើហិង្សារបស់ក្រុមអន្ធពាល គេឃើញថា ប្រជាជននៅទីនោះបានទទួលឧបករណ៍អនាម័យពីអង្គការយូនីសេហ្វ។
គួរបញ្ជាក់ថា ប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពអាសន្ន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗ ដោយក្រុមអន្ធពាលប្រដាប់អាវុធបានទម្លាយពន្ធនាគារឲ្យអ្នកទោសរត់ចេញ ហើយមនុស្សប្រមាណជាង ១ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលលោក Henry ស្ថិតនៅក្នុងប្រទេសកេនយ៉ា ស្វែងរកកិច្ចព្រមព្រៀងឲ្យមានកងកម្លាំងអន្តរជាតិ ដើម្បីទៅជួយប្រយុទ្ធប្រឆាំងនឹងក្រុមអន្ធពាលរបស់ប្រទេសហៃទី៕

