រដ្ឋមន្ត្រីការបរទេសទួរគី កាលពីល្ងាចថ្ងៃសុក្រ (ទី៨ ខែមីនា) បាននិយាយថា មន្ត្រីទួរគី និងសហរដ្ឋអាមេរិក បានពិភាក្សាយ៉ាងទូលំទូលាយអំពីសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់ហ្កាហ្សា ហើយនិងបញ្ហាទ្វេភាគីផ្សេងៗ អំឡុងកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន។
ប្រទេសសម្ព័ន្ធមិត្តរបស់អង្គការណាតូ (NATO) ទាំង២ បានចាប់ផ្តើមកិច្ចប្រជុំដែលឲ្យឈ្មោះថា «យន្តការយុទ្ធសាស្ត្រ» កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចប្រឹងប្រែង ដើម្បីផ្លាស់ប្ដូរជំហានឲ្យទៅហួសពីការខ្វែងគំនិតគ្នាខាងគោលនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងទៀត។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២ មានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងលើបញ្ហាជាច្រើន បើទោះបីជាបន្ទាប់ពីនោះទំនាក់ទំនងមាននូវសន្ទុះឡើងវិញ បន្ទាប់ពីមានការយល់ព្រមពីទីក្រុងអង់ការ៉ា លើការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូក៏ដោយ។
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ក្រុមមន្ត្រីមកពីប្រទេសទាំង២ បានពិភាក្សាជាច្រើនលើកលើប្រធានបទផ្សេងៗ ដែលរួមមានបញ្ហាស៊ីរី អ៊ុយក្រែន តំបន់ហ្កាហ្សា កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ថាមពល និងការប្រឆាំងអំពើភេរវកម្មជាដើម។
លោក Fidan បានប្រាប់បណ្ដាញសារព័ត៌មានទួរគីក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ «ពេលនេះ ជាពិសេសដោយគិតដល់ចំណុចដែលយើងសម្រេចបាន ជាមួយនឹងទស្សនវិស័យថ្មីដែលជារបៀបវារៈវិជ្ជមានបន្ថែមទៀតនោះ យើងមានឱកាសបន្តនៅលើផ្លូវរបស់យើង ដោយបើកនូវទំព័រថ្មីមួយ»។
លោកបានបន្ថែមថា៖ «ខណៈដែលការគ្រប់គ្រងបញ្ហាដែលយើងប្រឈមមុខ នាពេលនេះ វាជាការសំខាន់ផងដែរ ក្នុងការដឹងពីសក្តានុពលរួមដែលប្រទេសទាំង២ អាចបង្កើតបាន និងឱកាសដែលអាចនាំឲ្យកើតឡើងបាន»៕

