មន្ត្រីក្នុងតំបន់ នៅថ្ងៃសៅរ៍ (ទី៩ ខែមីនា) នេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី នៅលើកោះ Sumatra (ស៊ូម៉ាត្រា) របស់ប្រទេសឥណ្ឌូនេស៊ី។
ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានបង្កឲ្យមានជាទឹកជំនន់ និងបំណាក់ដី ដែលបានវាយប្រហារដែនដី Pesisir Selatan ក្នុងខេត្ត West Sumatra (ស៊ូម៉ាត្រាខាងលិច) ដោយបង្ខំឲ្យមនុស្សប្រហែល ៤៦.០០០នាក់ត្រូវជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន។
ប្រធានស្តីទីភ្នាក់ងារជួយសម្រាលគ្រោះមហន្តរាយនៃដែនដី Pesisir Selatan គឺលោក Doni Yusrizal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មនុស្ស ១០នាក់ ត្រូវបានប្រទះឃើញស្លាប់។ ជនរងគ្រោះ ២នាក់ត្រូវបានរកឃើញនៅក្នុងភូមិ Langgai របស់ស្រុក Sutera ជនរងគ្រោះចំនួន ៧នាក់ ត្រូវបានរកឃើញ និងកំណត់អត្តសញ្ញាណ នៅក្នុងស្រុក Koto XI Tarusan ហើយជនរងគ្រោះម្នាក់ទៀតត្រូវបានរកឃើញនៅស្រុក Lengayang»។
លោក Doni បានបន្ថែមថា ស្ថានភាពអាកាសធាតុអាក្រក់បានធ្វើឲ្យពិបាកដល់កិច្ចប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួនទាំង ១០នាក់ផ្សេងទៀត។
ជាមួយគ្នានេះ នៅឯដែនដី Padang Pariaman ដែលស្ថិតនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិចនេះដែរ ភ្លៀងធ្លាក់ខ្លាំង នៅចន្លោះថ្ងៃទី៧ និងទី៨ ខែមីនា បណ្តាលឲ្យទឹកទន្លេឡើងខ្ពស់ខ្លាំង រហូតបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយក្នុងតំបន់៕



