នាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រីលោក Viktor Orban របស់គណបក្សស្តាំនិយម Fidesz បានផ្តល់ការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោក គឺលោក Donald Trump ដើម្បីបានវិលត្រឡប់ទៅកាន់តំណែងសេតវិមានវិញ បន្ទាប់ពីបានជួបជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ នៅរដ្ឋ Florida កាលពីល្ងាចថ្ងៃសុក្រ (ទី៨ ខែមីនា)។
បើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមតំណាងរបស់លោក Trump បានឲ្យដឹងថា អ្នកទាំង២ បានពិភាក្សាគ្នាអំពី «បញ្ហាជាច្រើនដែលប៉ះពាល់ដល់ប្រទេសហុងគ្រី និងសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងពីសារៈសំខាន់ដ៏ធំបំផុតនៃការមានព្រំដែនដ៏រឹងមាំ និងសុវត្ថិភាព ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ»។
គួរបញ្ចាក់ដែរថា លោក Orban មានការខ្វែងគំនិតយ៉ាងយូរជាមួយប្រទេស ក្នុងសហភាពអឺរ៉ុបជាមួយគ្នា ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមទាំងការបដិសេធមិនបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែន និងការបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយក្រុងមូស្គូ ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
លោក Orban បាននិយាយថា មានតែការវិលត្រឡប់របស់បេក្ខជនគណបក្សសាធារណរដ្ឋ គឺលោក Trump ទៅកាន់តំណែងសេតវិមានវិញប៉ុណ្ណោះ ទើបអាចនាំមកនូវសន្តិភាព ក្នុងប្រទេសអ៊ុយក្រែនបាន។ តាមរយៈបង្ហោះសារនៅលើបណ្ដាញសង្គម X បន្ទាប់ពីកិច្ចប្រជុំនោះ លោក Orban បានលើកឡើងថា៖ «យើងត្រូវការមេដឹកនាំនៅលើពិភពលោកដែលគោរព និងអាចនាំមកនូវសន្តិភាព។ លោកគឺជាម្នាក់ក្នុងចំណោមមេដឹកនាំទាំងនោះ។ សូមត្រឡប់ទៅកាន់តំណែង និងនាំសន្តិភាពមកឲ្យពួកយើងវិញ លោកប្រធានាធិបតី»។
លោក Orban ទទួលបានកោតសរសើរពីសមាជិកក្រុមអភិរក្សជាច្រើននៅសហរដ្ឋអាមេរិក ជុំវិញគោលនយោបាយដ៏តឹងរ៉ឹងរបស់លោក ពាក់ព័ន្ធនឹងអន្តោប្រវេសន៍ គម្រោងគាំទ្រគ្រួសារ និងការនិយាយឥតលាក់លៀម ស្ដីអំពីអធិបតេយ្យភាពជាតិ។ នៅក្នុងវីដេអូមួយលើទំព័របណ្ដាញសង្គម Facebook របស់លោក លោកបាននិយាយថា នៅក្រោមការដឹកនារបស់លោកប្រធានាធិបតី Trump ចន្លោះឆ្នាំ២០១៧-២០២១ មានសន្តិភាព ទាំងនៅតំបន់មជ្ឈិមបូព៌ា និងទាំងនៅអ៊ុយក្រែនផងដែរ៕