នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំវេទិកាសាធារណៈស្តីពី មុខរបរ និងអាជីព ក្រោមប្រធានបទ «ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤» ដែលមានបំណងសំខាន់ពង្រឹងភាពធន់អាជីវកម្ម ស្របតាមយុគសម័យឌីជីថលនៅកម្ពុជា។
លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ថ្លែងថា បច្ចុប្បន្នទូទាំងប្រទេស មានមីក្រូសហគ្រាសតូចៗ ដែលប្រកបអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ប្រមាណជាង១លានសហគ្រាស ក្នុងនោះមានមួយចំនួនធំ គឺអាជីវកម្មបែបផ្សងព្រេង និងជួបផលលំបាកច្រើន ហើយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងជំរុញឲ្យមីក្រូសហគ្រាសតូចៗទាំងនោះចូលជាសមាជិក ដើម្បីឲ្យគាត់ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព បង្កើនភាពធន់ ដឹកនាំអាជីវកម្មឲ្យមានភាពរឹងម៉ាំ និងដំណើរការអាជីវកម្មបានជានិរន្ត ហើយនឹងឈានទៅរកការពង្រីកអាជីវកម្មបន្ថែមផងដែរ។
លោកជំទាវ ថ្លែងថា នៅក្នុងវេទិកាសាធារណៈនេះ គឺមានវគ្មិនអ្នកជំនាញអាជីវកម្មចំនួន៣រូបធ្វើបទបង្ហាញជូនបណ្តាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងក្រុមហ៊ុនសហគ្រាសប្រមាណជាង៤៥០នាក់ ក្នុងគោលបំណងទី១ បញ្ជ្រាបការយល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារលើផ្នែកគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។ ទី២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព ហើយទី៣៖ គឺចង់ចែករំលែកចំណេះដឹងដែលជាគន្លឹះ និងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងម៉ាំ និងមានប្រព័ន្ធការងារច្បាស់លាស់ ដល់បណ្តាម្ចាស់អាជីវកម្មដែលបានចូលរួម។
លោកជំទាវ កែវ មុំ បន្តថា តាមរយៈវេទិកានេះ នឹងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងការងារ និងកិច្ចសហប្រតិបត្តិការក្នុងការបង្កើនចំណងសាមគ្គីភាព ការយល់ដឹង និងការចែករំលែកនៅក្នុងអាជីវកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពជូនដល់អ្នកកំពុងប្រកបរបរអាជីវកម្មមីក្រូ ខ្នាតតូច និងមធ្យម និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាសព្វថ្ងៃ អោយគាត់ធ្វើអាជីវកម្ម មានសមត្ថភាពក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយចំណេះដឹង៕
អត្ថបទស៊ុម សុខជា