ក្រសួងសុខាភិបាលមានមូលដ្ឋាននៅក្នុងតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារដ៏សន្ធឹកសន្ធាប់ឥតឈប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៩៦០នាក់។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨២ នាក់ និងប្រហែល ១២២នាក់ផ្សេងទៀតរងរបួស។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ជាច្រើននៅភាគខាងជើង និងភាគខាងត្បូងហ្កាហ្សាស្ទ្រីបកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨នាក់។

របាយការណ៍ដដែលនោះបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់លើលំនៅដ្ឋានមួយកន្លែងនៅក្នុងជំរំជនភៀសខ្លួនចាបាលីយ៉ា( Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃសុក្រ។

កាលពីព្រឹកថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសលើលំនៅឋានជាច្រើនកន្លែងក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់។
កងទ័ពអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើតំបន់ជាច្រើននៅក្នុងទីក្រុងហ្កាហ្សាស្រ្ទីប ភាគខាងត្បូងទីក្រុងខាន់យ៉ូនីស និងក្រុងរ៉ាហ្វា នៅថ្ងៃជាមួយគ្នានោះផងដែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ៕