អ្នកស្រុកនៃរដ្ឋធានីរបស់ប្រទេសហៃទីបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកាលពីថ្ងៃសៅរ៍បន្ទាប់ពីការរីករាលដាលចុងក្រោយនៃអំពើហិង្សាពីក្រុមជនអន្ធពាល ខណៈក្រុមមន្ត្រីអង្គការសហប្រជាជាតិបានព្រមានពីទីក្រុងស្ថិតនៅក្រោមការឡោមព័ទ្ធ បន្ទាប់ពីក្រុមវាយប្រហារប្រដាប់អាវុធបានដាក់គោលដៅទៅលើវិមានប្រធានាធិបតី និងទីស្នាក់ការរបស់កងម្លាំងនគរបាល។

ក្រុមឧក្រិដ្ឋជន ដែលគ្រប់គ្រងភាគច្រើននៃរដ្ឋធានីព័រ-អូ-ប្រាំង (Port-au-Prince)ព្រមទាំងផ្លូវនានាភ្ជាប់ទៅដល់តំបន់ផ្សេងទៀតរបស់ប្រទេសនេះ បានបង្កភាពមហន្តរាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈក្រុមនេះព្យាយាមបណ្តេញលោកនាយករដ្ឋមន្ត្រី អារៀល ហេនរី(Ariel Henry) ជាមេដឹកនាំប្រទេសក្នុងតំបន់ការីអ៊ីបមួយនេះចេញពីតំណែង។

កាលពីថ្ងៃសៅរ៍ អ្នកស្រុករាប់សិបនាក់កំពុងស្វែងរកសុវត្ថិភាពនៅក្នុងអគារសាធារណៈនានា ដោយខ្លះបានសម្រុកចូលទៅក្នុងអគារមួយដោយជោគជ័យ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP ។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា ភាពចលាចលនេះបានធ្វើឱ្យជនជាតិហៃទីចំនួន ៣៦២.០០០នាក់ រត់ភៀសខ្លួននៅក្នុងប្រទេស ច្រើនជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ និងមួយចំនួនត្រូវបានបង្ខំឱ្យជម្លៀសចេញពីទីជម្រកជាច្រើនដង។

លោក ហ្វីលីព ប្រានឆាត (Philippe Branchat) ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ នៅប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនហៃទីមិនអាចដឹកនាំជីវិតសមរម្យបានទេ។ពួកគេរស់នៅក្នុងភាពភ័យខ្លាច ហើយជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង ស្ថានភាពបែបនេះចេះតែបន្តកើតមានកាន់តែធ្ងន់ធ្ងរ៕