ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យទី១០មីនា ថា ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃ បានបង្កឲ្យទឹកជំនន់ និងបំណាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra)របស់ប្រទេសឥណ្ឌូនេស៊ី បង្ខំឲ្យមនុស្សជាង ៧ម៉ឺន៥ពាន់នាក់ ជម្លៀសចេញពីលំនៅឋាន និងឆក់យកជីវិតមនុស្ស២១នាក់ ខណៈ៦នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ។

ទឹកជំនន់ដ៏ធ្ងន់ធ្ងរចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅក្នុងទីក្រុងផាដាង (Padang) និងតំបន់ចំនួន៨ផ្សេងទៀត បានបំផ្លិចបំផ្លាញ លំនៅឋានជិត៧០០ខ្នង ស្ពាន និងសាលារៀនជាច្រើនកន្លែង និងជន់លិចផ្ទៃដីកសិកម្មប្រមាណ១១៣ហិចតា។

ក្រុមមន្ត្រីនិយាយថា ទីភ្នាក់សង្រ្គោះរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតាមរកអ្នកបាត់ខ្លួនទាំងនោះ ខណៈក្រុមអ្នកសង្រ្គោះ១៥០នាក់ ដែលកំពុងប្រឹងប្រែងការងារសង្រ្គោះ ត្រូវបានរារាំងដោយបំណាក់ដី។
លោកអាប់ឌុល ម៉ាលីក(Abdul Malik)ប្រធានក្រុមការងារសង្រ្គោះខេត្តបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការសង្រ្គោះថ្ងៃនេះមានការចូលរួមពីបុគ្គលិក១៥០នាក់ មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ៕