ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នៅល្ងាចថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ដែលមានអ្នកចូលរួមប្រមាណជាង ២៥០នាក់។
នៅក្នុងឱកាសនេះ ឯកឧត្ដមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនសហគមន៍ខ្មែរទាំងអស់ និងសូមអំពាវនាវទៅដល់ពលករដែលរស់នៅ និងបម្រើការងារ ត្រូវគោរពច្បាប់ ថែរក្សាសុខភាព ខិតខំរៀនជំនាញវិជ្ជាជីវៈ វិលត្រឡប់ពេលចប់អាណត្តិការងារ មានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នារក្សាសន្តិភាព និងមានទំនាក់ទំនងល្អជាមួយជនជាតិកូរ៉េ។
ពិធីនេះបានប្រារព្ធឡើងក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ។









