នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថាយ៉ាងហោចណាស់ «ភេរវករ» ចំនួន ១៣.០០០ នាក់ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថានឹងបន្តការវាយលុកនៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះ ដោយជាសកម្មភាពមួយដែលប្រធានាធិបតីអាមេរិកអាមេរិក ចូ បៃដិន (Joe Biden) ពិពណ៌នាថាជា «បន្ទាត់ក្រហម» របស់លោក។

ប្រជាជនប៉ាឡេស្ទីនជាង ៣១.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងអំឡុងសង្គ្រាមរយៈពេលប្រាំខែ ដែលបានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ ២៥៣ នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។

ក្រសួងសុខាភិបាលហ្កាហ្សា មិនបែងចែកចំនួនអ្នកស្លាប់រវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធហាម៉ាសទេ ប៉ុន្តែបាននិយាយថាចំនួន ៧២ ភាគរយនៃអ្នកស្លាប់ទាំងអស់គឺជាស្ត្រី និងកុមារ ហើយក្រុមនេះបានច្រានចោលតួលេខអ្នកស្លាប់ ដែលអ៊ីស្រាអែល បានដាក់ឡើងចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាស ថាជាការប៉ុនប៉ងបង្ហាញពី «ជ័យជម្នះក្លែងក្លាយ»៕