ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបាននិយាយថា លោកមានសុទិដ្ឋិនិយមថា ម្ចាស់ជំនួយមួយចំនួននឹងចាប់ផ្តើមផ្តល់មូលនិធិម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយព្រមានថាការផ្អាកប្រតិបត្តិការរបស់ទីភ្នាក់ងារនេះមានហានិភ័យខ្ពស់នៃការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនបន្ថែមទៀត បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិករបស់ទីភ្នាក់ងារនេះមួយចំនួនបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា។

ការពិនិត្យឡើងវិញដោយឯករាជ្យនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ត្រូវបានដាក់ឱ្យដំណើរការក្រោមការដឹកនាំរបស់អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី ខាធើរីន ខូឡូនណា (Catherine Colonna) ហើយរបាយការណ៍ចុងក្រោយរបស់លោកស្រីត្រូវបានគេរំពឹងថានឹងបោះពុម្ពនៅខែក្រោយ ដែលនោះប្រហែលជាការសម្រេចលើជោគវាសនារបស់ទីភ្នាក់ងារនេះ។

ទីភ្នាក់ងារ UNRWA ដែលផ្តល់ជំនួយ និងសេវាកម្មសំខាន់ៗដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា តំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងនៅទូទាំងតំបន់ជិតបូព៌ានោះ បានជួបវិបត្តិចាប់តាំងពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ នៅហ្កាហ្សា ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ៕
