ក្រុមអ្នកគាំទ្ររាប់រយនាក់ របស់អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Imran Khan បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការក្លែងបន្លំក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៨ ខែកុម្ភៈ តាមដែលបានចោទប្រកាន់។

អ្នកបោះឆ្នោតនៅក្នុងប្រទេសប៉ាគីស្ថាន បានទៅបោះឆ្នោតកាលពីខែកុម្ភៈ ក្នុងការបោះឆ្នោតមួយដែលត្រូវបានរំខានដោយការបិទប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃបោះឆ្នោត មានការចាប់ខ្លួន និងអំពើហិង្សា ហើយលទ្ធផលត្រូវបានពន្យាពេលមិនប្រក្រតី ដែលនាំឱ្យមានការចោទប្រកាន់ថាការបោះឆ្នោតនេះ ត្រូវបានក្លែងបន្លំ។

បេក្ខជនដែលគាំទ្រដោយលោក Khan បានឈ្នះអាសនៈចំនួន ៩៣ ប៉ុន្តែពុំមានចំនួនគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលនោះទេ។ លោក និងគណបក្សរបស់លោក បានច្រានចោលលទ្ធផលនៃការបោះឆ្នោត ដោយចោទថាមានការលួចបន្លំយ៉ាងទូលំទូលាយ។
លោក Khan ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីមានជម្លោះជាមួយយោធាដ៏មានឥទ្ធិពលរបស់ប្រទេស ដែលបដិសេធមិនជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ។
គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោកបានឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៨។ សំណុំរឿងផ្លូវច្បាប់ជាច្រើនករណី ត្រូវបាននាំមកដើម្បីប្រឆាំង លោក Khan ដែលបានដកសិទ្ធិលោកជាបេក្ខជន ហើយបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលយូរ ដែលលោក បានបដិសេធថាពុំបានធ្វើអ្វីខុសនោះទេ។