នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏បានអញ្ជើញជាអធិបតីភាពក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ រួមមាន៖
១/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍ នៃសាធារណរដ្ឋប្រជាមានិតឡាវ
២/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
៣/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ
៤/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។


